សាវតារ

សមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ (ស.ខ.អ.ជ) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្នុងខេត្តក្រចេះនៃប្រទេសកម្ពុជា។ អង្គការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដោយសាស្ត្រាចារ្យ និងអតីតជនភៀសខ្លួន ដែល បានមកចូលរួមក្នុងការអភិវឌ្ឍសហគមន៍ក្នុងខេត្តក្រចេះដើម្បីវិភាគតម្រូវការនានានៅតាមជនបទ ក្នុងគោលបំណងបង្កើន គុណភាពនៃការរស់នៅរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។

ស.ខ.អ.ជ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ ប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៤ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដែលសកម្មភាពនេះគឺស្របទៅនឹងយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ នៅថ្នាក់ខេត្ត និងថ្នាក់ សហគមន៍ក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ស.ខ.អ.ជ ធ្វើការជាមួយសហគមន៍ជនបទដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយផ្តល់ការគាំទ្រទៅដល់ ស្ត្រី និងកុមារក្រីក្រ និងងាយរងគ្រោះ ជនពិការ និងក្រុមកសិករដែលកំពុងមានជីវភាពយ៉ាប់យ៉ឺន និងជួបឧបសគ្គក្នុងការពង្រឹងភាពអង់អាច និងការចូលរួមរបស់ខ្លួននៅក្នុងសង្គម។

សកម្មភាពចម្បងៗរបស់ ស.ខ.អ.ជ

បច្ចុប្បន្ននេះ ស.ខ.អ.ជ កំពុងធ្វើការក្នុងស្រុក​ចំនួន៤ និងក្រុងចំនួន១ដែលគ្របដណ្តប់លើឃុំចំនួន១៥ និងភូមិចំនួន៣៣ ក្នុងខេត្តក្រចេះ។ ស.ខ.អ.ជ ក៏កំពុងធ្វើការក្នុងស្រុក​ចំនួន១ ដែលគ្របដណ្តប់លើឃុំចំនួន៣ និងភូមិចំនួន១២ ក្នុងខេត្តមណ្ឌលគីរីផងដែរ​ និងក៍កំពុង អនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងស្រុកចំនួន២​ ដែលមាន​១០ឃុំ​ ក្នុងខេត្តស្ទឹងត្រែង។​

ស.ខ.អ.ជ កំពុងអនុវត្តកម្មវិធីមួយចំនួនដែលផ្តោតទៅលើ សកម្មភាពបង្កើនប្រាក់ចំណូល ការលើកកម្ពស់ការអប់រំ​ សុខភាព ការងារកសិកម្ម សិទ្ធិកុមារ សមភាពយែនឌ័រ អភិបាលកិច្ចល្អ និង​ការកាត់បន្ថយបញ្ហាប្រឈមទៅនឹងគ្រោះមហន្ថរាយ។

ភាពជាដៃគូនៅក្នុង គម្រោងពន្លកចំណេះ

ដោយមានការគាំទ្រពីគម្រោងពន្លកចំណេះ ស.ខ.អ.ជ កំពុងអនុវត្តការស្រាវជ្រាវមួយទាក់ទងនឹងបញ្ហាប្រឈម និងផលប៉ះពាល់នៃការបោះបង់ការសិក្សានៅសាលាបឋមសិក្សាតាមទីជនបទ ក្នុងខេត្តក្រចេះ។​ការសិក្សានេះមានបំណងស្វែងយល់ពី៖

  • ចំនួនសិស្ស និងគ្រូបង្រៀនក្នុងសាលាគោលដៅចំនួន៣០
  • ចំនួនសិស្សបោះបង់ការសិក្សា
  • ចំនួនសិស្សរៀនខ្សោយ
  • មូលហេតុនៃការបោះបង់ការសិក្សា ការរៀនត្រួតថ្នាក់ និងបញ្ហាប្រឈមដទៃទៀតទាក់ទងនឹងការសិក្សានៅថ្នាក់បឋមសិក្សា
  • កត្តាជម្រុញអោយសិស្សមកសិក្សា
  • ដំណោះស្រាយនានាដែលអាចពង្រឹងសមត្ថភាពសិក្សារបស់សិស្ស

ការស្រាវជ្រាវនេះនឹងរួមចំណែកជួយអោយប្រសើរឡើងនូវយុទ្ធសាស្ត្រអប់រំដើម្បីដោះស្រាវបញ្ហាការបោះបង់ការសិក្សា និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សនៅថ្នាក់បឋមសិក្សាក្នុងខេត្តក្រចេះ។

ការ​បោះ​ពុម្ព​ផ្សាយ​របស់​​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ក្រោម​គម្រោង​ពន្លក​ចំណេះ

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សមាគមនខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ។