សាវតារ
អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ANSA-Cambodia ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ២០០៨នៅថ្នាក់តំបន់ និងចុះឈ្មោះក្នុងបញ្ជី អង្គការមិនមែន រដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជានីតិបុគ្គលស្របតាម ច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាល។ ANSA មានចក្ខុវិស័យចង់ឃើញកម្ពុជា ជាប្រទេសមួយដែលប្រជាពលរដ្ឋមានសមត្ថភាពពេញលេញចូលរួមសហការក្នុងកិច្ចការសង្គមមួយប្រកបដោយសេចក្តីស្មោះត្រង់ ថ្លៃថ្នូរនិងមានសេរីភាពស្របតាមច្បាប់ជាតិនិងអន្តរជាតិ ។ ដើម្បីសម្រេចចក្ខុវិស័យខាងលើ អង្កការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានកំណត់យកបេសកកម្ម លើកកម្ពស់សមត្ថភាពពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចល្អ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ក៏ដូចជាការគ្រប់គ្រងធនធានសាធារណៈ និងធនធានធម្មជាតិ។ ANSA ធ្វើការជាមួយ អ្នកធ្វើការសម្រេចចិត្ត និងអ្នកធ្វើគោលនយោបាយ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សុខមាលភាពសហគមន៍ និង ការកាត់បន្ថយភាពក្រីក្រ ។
សកម្មភាពចម្បងៗរបស់ANSA
ANSA គឺជាអង្កការសម្ព័ន្ធគណនេយ្យភាពសង្គមមួយ ដែលមានបទពិសោធន៍និងជំនាញលើការអភិវឌ្ឍឧបករណ៍គណនេយ្យភាពសង្គមនៅកម្ពុជា តាំងពីឆ្នាំ២០១០* រួមទាំងពង្រឹង សមត្ថភាព និងការអនុវត្តវិធីសាស្រ្តគណនេយ្យភាពសង្គម រួមទាំងការស្រាវជ្រាវការអនុវត្តគោលនយោបាយសាធារណៈជាដើម។ ANSA មានបទពិសោធន៍ក្នុងការធ្វើការងារជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលថ្នាក់ខេត្ត ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ។ ជាក់ស្តែង គម្រោង “ជួយមើលសាលារៀន” បានធ្វើការជាមួយរដ្ឋបាលថ្នាក់ខេត្ត អង្គការដៃគូ និងសហគមន៍។ បន្ថែមពីលើនេះ អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានបណ្តាញរបស់ខ្លួននៅតាមបណ្តាខេត្ត ដែលធ្វើការក្នុងគម្រោងរបស់ខ្លួន ។ ទាក់ទិន នឹង សមត្ថភាពហិរញ្ញវត្ថុ អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា គឺជាដៃគូមួយក្នុងចំណោមដៃគូផ្សេងទៀតរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID តាំងពីឆ្នាំ២០១២ តាមរយៈ វិទ្យាស្ថាន Result for Development (R4D) និង វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) មូលនិធិសង្គមបើកទូលាយ (OSF) និងសហភាពអឺរ៉ុប តាមរយៈ អង្គការ CARE និង NEP ។ ចំពោះតំបន់គោលដៅ ANSA បានអនុវត្ត គម្រោងនៅរាជធានីភ្នំពេញ ខេត្តរតនគិរី មណ្ឌលគីរី សៀមរាប កំពត កំពង់ស្ពី តាកែវ និងកណ្តាល ព្រមទាំងមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដូចជាក្រមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សារាជធានី-ខេត្ត តាមរយៈកម្មវិធីពង្រឹងសមត្ថភាពដូចជា ការបណ្តុះបណ្តាលអំពីវិមជ្ឈការ និង វិសហ- មជ្ឈការ គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ ជាដើម។
ភាពដៃគូជាមួយគម្រោង ពន្លកចំណេះ
នៅក្រោមភាពជាដៃគូជាមួយពន្លកចំណេះ អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា កំពុងអនុវត្ត គម្រោងស្រាវជ្រាវមួយទាក់ទិននឹងសង្គមបរិយាប័ន្នក្នុងផែនការអភិវឌ្ឍន៍ ឃុំ/សង្កាត់ និងកម្មវិធីវិនិយោគឃុំ ដោយបានជ្រើសរើសឃុំ/សង្កាត់ចំនួន ៣៨ នៃស្រុក/ខណ្ឌ ចំនួន ១៦ ក្នុងទីក្រុងភ្នំពេញ និងខេត្តចំនួន ៧ ។ គម្រោងស្រាវជ្រាវត្រូវបានរំពឹងថានឹងអាចផ្តល់អនុសាសន៍លើការអនុវត្ត គោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ និង អភិបាលកិច្ចល្អជាដើម ។ លើសពីនេះ គម្រោងនេះនឹងអាចផ្តល់ជាទុនបន្ថែមនៅថ្ងៃអនាគតសម្រាប់ឃុំ/សង្កាត់ លើការដាក់បញ្ជូលសង្គមបរិយាប័ន្នទៅក្នុងការរៀបចំគម្រោងផ្សេងៗ ខណៈដែលថវិកាឃុំសង្កាត់ នឹងកើនឡើងនៅក្នុងឆ្នាំខាងមុខ។ របកគំហើញពីការស្រាវជ្រាវនឹងត្រូវបានប្រើប្រាស់ជាយុទ្ធនាការ ដើម្បីបង្កើនសង្គមបរិយាប័ន្នក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ក៏ដូចជាក្នុងការធ្វើគោលនយោបាយប្រកបដោយ គណនេយ្យភាព តម្លាភាព និងសមធម៌៕
*ANSA-EAP បានមកដល់កម្ពុជាក្នុងឆ្នាំ២០០៩ តាមរយៈកម្មវិធីអភិវឌ្ឍសមត្ថភាព ដូចជាការបណ្ដុះបណ្តាលសម្រាប់ក្រុមប្រឹក្សាឃុំ (CC) និងក្រុមប្រឹក្សាស្រុក (DC) ក្នុងការចូលរួមផែនការ ការត្រួតពិនិត្យលទ្ធកម្ម ការចូលរួមរបស់យុវជន ការដាក់ពិន្ទុ ការតាមដានការចំណាយសាធារណៈ (PETS) រួមទាំងការតស៊ូមតិដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។ ANSA-EAP បានប្រែក្លាយមកជា ANSA-Cambodia និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ការបោះពុម្ពផ្សាយរបស់អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាក្រោមគម្រោងពន្លកចំណេះ
- របាយការណ៍ស្រាវជ្រាវសង្ខេប បរិយាប័ន្នសង្គមនៅក្នុងការអភិវឌ្ឍមូលដ្ឋាន និងឳកាសប្រើប្រាស់បណ្ដាញសង្គមឆ្ពោះទៅទំនើបកម្មនៃកម្មវិធីវិនិយោគឃុំ ឆ្នាំ២០២៥ ចេញផ្សាយថ្ងៃឆ្នាំ២០២១
សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។