សាវតារ​

អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ANSA-Cambodia ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ​២០០៨នៅថ្នាក់តំបន់ និងចុះ​ឈ្មោះក្នុងបញ្ជី អង្គការមិនមែន រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជានីតិបុគ្គលស្របតាម ច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាល។ ANSA​ មាន​ចក្ខុវិស័យ​ចង់ឃើញ​កម្ពុជា ​ជា​ប្រទេស​​​​មួយ​​ដែល​ប្រជាពលរដ្ឋ​មាន​សមត្ថភាពពេញលេញ​ចូលរួម​សហការ​ក្នុងកិច្ចការ​សង្គម​មួយ​​ប្រកបដោយសេចក្តីស្មោះត្រង់ ថ្លៃថ្នូរនិង​មាន​សេរីភាពស្របតាមច្បាប់ជាតិនិងអន្តរជាតិ ។ ដើម្បីសម្រេចចក្ខុវិស័យខាងលើ ​អង្កការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​កំណត់​យកបេសកកម្ម ​លើក​កម្ពស់​សមត្ថភាព​ពលរដ្ឋ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​​អភិបាលកិច្ច​ល្អ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សាធារណៈ ក៏​ដូច​ជា​ការគ្រប់គ្រង​ធនធាន​សាធារណៈ និង​ធនធាន​ធម្មជាតិ​។ ANSA ធ្វើ​ការ​ជាមួយ​ អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ និង​អ្នក​ធ្វើ​គោល​នយោបាយ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស សុខមាលភាព​សហគមន៍ និង​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

សកម្មភាព​ចម្បង​ៗរបស់ANSA

ANSA គឺជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្កការសម្ព័ន្ធគណនេយ្យភាពសង្គម​មួយ​ ដែល​មាន​បទពិសោធន៍​និង​ជំនាញ​​លើ​ការ​អភិវឌ្ឍ​ឧបករណ៍គណនេយ្យភាពសង្គម​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០១០* រួមទាំង​ពង្រឹង សមត្ថភាព និង​ការអនុវត្តវិធីសាស្រ្តគណនេយ្យភាពសង្គម រួមទាំងការស្រាវជ្រាវ​ការ​អនុវត្ត​គោលនយោបាយសាធារណៈជាដើម។ ANSA មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ រួម​មាន​រដ្ឋបាល​ថ្នាក់​ខេត្ត ស្រុក/ខណ្ឌ និង​ឃុំ/សង្កាត់ ។ ជាក់ស្តែង គម្រោង “ជួយមើលសាលារៀន” បាន​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ខេត្ត អង្គការដៃគូ និងសហគមន៍។ បន្ថែម​ពី​លើ​នេះ​ អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​មាន​បណ្តាញ​​របស់​​ខ្លួន​​នៅ​​តាម​បណ្តា​​ខេត្ត ដែល​ធ្វើ​ការ​ក្នុង​គម្រោង​របស់ខ្លួន ។ ទាក់ទិន​ នឹង សមត្ថភាព​ហិរញ្ញវត្ថុ អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា គឺ​ជា​ដៃគូ​មួយ​ក្នុង​ចំណោម​ដៃគូ​ផ្សេង​ទៀត​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID តាំង​ពី​​ឆ្នាំ​២០១២ តាមរយៈ ​ វិទ្យាស្ថាន Result for Development (R4D) និង វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា-បស្ចឹម (EWMI) មូលនិធិ​សង្គម​បើកទូលាយ (OSF) និងសហភាព​អឺរ៉ុប តាមរយៈ អង្គការ CARE និង NEP ។ ​ចំពោះ​តំបន់​គោលដៅ ANSA បាន​អនុវត្ត គម្រោងនៅរាជធានីភ្នំពេញ ខេត្ត​រតនគិរី មណ្ឌលគីរី សៀមរាប កំពត កំពង់ស្ពី តាកែវ និងកណ្តាល ព្រមទាំង​មាន​ទំនាក់ទំនង​ជាមួយ​​អាជ្ញាធរមូលដ្ឋានដូចជាក្រមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សារាជធានី-ខេត្ត តាមរយៈ​កម្មវិធី​ពង្រឹង​សមត្ថភាព​ដូចជា ការ​បណ្តុះបណ្តាល​​អំពី​វិមជ្ឈការ និង វិសហ- មជ្ឈការ គណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ ជាដើម។

ភាពដៃគូជាមួយគម្រោង ពន្លកចំណេះ

នៅក្រោមភាពជាដៃគូជាមួយពន្លកចំណេះ អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា កំពុង​អនុវត្ត ​គម្រោង​​ស្រាវជ្រាវ​មួយ​ទាក់ទិន​នឹង​សង្គមបរិយាប័ន្នក្នុងផែនការអភិវឌ្ឍន៍ ​ឃុំ/សង្កាត់ និង​កម្មវិធីវិនិយោគឃុំ ដោយ​បាន​ជ្រើសរើស​ឃុំ/សង្កាត់​​ចំនួន ៣៨ នៃ​ស្រុក/ខណ្ឌ ចំនួន ១៦ ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ ។ គម្រោងស្រាវជ្រាវត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ផ្តល់​អនុសាសន៍​លើ​ការ​​អនុវត្ត ​គោល​នយោបាយ​ វិមជ្ឈការ និង វិសហមជ្ឈការ និង ​អភិបាលកិច្ច​ល្អជាដើម ។ លើសពីនេះ គម្រោង​នេះ​នឹង​អាច​ផ្តល់​ជាទុន​បន្ថែម​នៅ​ថ្ងៃ​អនាគត​សម្រាប់​ឃុំ/សង្កាត់ លើ​ការ​ដាក់​បញ្ជូល​សង្គមបរិយាប័ន្ន​ទៅ​ក្នុង​ការ​រៀបចំ​គម្រោង​ផ្សេងៗ ខណៈ​ដែល​ថវិកា​ឃុំ​សង្កាត់​ ​នឹង​កើនឡើង​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ។ របក​គំហើញ​ពីការស្រាវជ្រាវនឹងត្រូវ​បាន​ប្រើប្រាស់​ជា​យុទ្ធនាការ​ ដើម្បី​បង្កើនសង្គមបរិយាប័ន្នក្នុង​កម្ម​វិធី​វិនិយោគ​ឃុំ/សង្កាត់ក៏​ដូច​ជា​ក្នុងការ​ធ្វើ​គោលនយោបាយ​ប្រកប​ដោយ គណនេយ្យភាព តម្លាភាព និងសមធម៌៕


*ANSA-EAP បាន​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ តាម​រយៈ​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព ដូចជា​ការបណ្ដុះបណ្តាល​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ (CC) និង​ក្រុម​ប្រឹក្សា​​ស្រុក (DC) ក្នុង​ការ​ចូលរួម​ផែនការ ការ​ត្រួត​ពិនិត្យ​លទ្ធកម្ម ការ​ចូលរួម​របស់​យុវជន ការ​ដាក់​ពិន្ទុ ការ​តាមដាន​ការ​ចំណាយ​សាធារណៈ (PETS) រួម​ទាំង​ការ​តស៊ូ​មតិ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ ។ ANSA-EAP បានប្រែក្លាយមកជា ANSA-Cambodia និងបាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ការ​បោះ​ពុម្ព​ផ្សាយ​របស់​​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ក្រោម​គម្រោង​ពន្លក​ចំណេះ

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។