សាវតារ

ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការខេប) ក្នុងការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី សម្រាប់បម្រើដល់ការរៀបចំពង្រីកកម្មវិធីសាលាជំនាន់ថ្មី ដល់វិស័យអប់រំគ្រូបង្រៀន ដើម្បីឱ្យគ្រូវ័យក្មេងទទួលបានការបណ្តុះបណ្តាលនៅក្នុងបរិបទសាលាជំនាន់ថ្មី។

ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី គឺជាព្រឹត្តិការណ៍សំខាន់មួយដែលនឹងលើកស្ទួយដល់កំណែទម្រង់សាលាជំនាន់ថ្មីនៅថ្នាក់ជាតិ និងបង្ហាញអំពីតម្រូវការក្នុងការវិនិយោគទៅលើការបណ្តុះបណ្តាលអ្នកដឹកនាំផ្នែកអប់រំវ័យក្មេងក្នុងរយៈពេលវែង និងជាប្រព័ន្ធ ដែលនឹងមានឥទ្ធិពលដល់កំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ទស្សនវិស័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីគឺ ការផ្លាស់ប្តូរលក្ខណៈរបស់សាលារៀននៅកម្ពុជា ដោយមានការបញ្ជូលនូវគ្រូប្រឹក្សាប្រចាំសាលាដែលមានបទពិសោធន៍ ដែលអាចជួយលោកគ្រូអ្នកគ្រូក្នុងការពង្រីកជំនាញ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការធ្វើឱ្យសាលារៀនជាកន្លែងមួយដែលគួរឱ្យចង់សិក្សា។

សកម្មភាពចម្បងៗរបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី

មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំក្នុងមុខជំនាញប្រឹក្សាអប់រំ ដែលមានរយៈពេលមួយឆ្នាំ។ កម្មវិធីសិក្សានេះមាន ៣០មុខវិជ្ជា និងការចុះកម្មសិក្សារយៈពេល ៣ខែ នៅសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប នៅរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក៏ធ្វើការសិក្សាស្រាវជ្រាវផងដែរ ដើម្បីធានាថា កម្មវិធីសិក្សារបស់ខ្លួនឆ្លុះបញ្ជាំងអំពីបរិបទចុងក្រោយនៅក្នុងវិស័យអប់រំ។

កម្មវិធីសិក្សាមានចំនួនបួន ដែលផ្តោតទៅលើ ការប្រឹក្សានិងក្រមសីលធម៌វិជ្ជាជីវៈ ភាសាអង់គ្លេសសម្រាប់ការស្រាវជ្រាវផ្នែកអប់រំ ព័ត៌មានវិទ្យាសម្រាប់ការអប់រំ ព្រមទាំងគោលការណ៍និងប្រព័ន្ធវិធីសាស្រ្តទូទៅ។ ជាងនេះទៅទៀត មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក៏ដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអប់រំតាមរយៈការពង្រីករបៀបវារៈនៃការស្រាវជ្រាវរបស់ខ្លួនដើម្បីគាំទ្រដល់ទស្សនៈវិស័យរបស់មជ្ឈមណ្ឌល និងផ្តល់ជាយុទ្ធសាស្រ្តអនុវត្តដែលផ្អែកលើទិន្នន័យសម្រាប់ការអភិវឌ្ឍប្រព័ន្ធអប់រំនៅកម្ពុជា។

ភាពជាដៃគូជាមួយ ពន្លកចំណេះ

អង្គការមូលនិធិអាស៊ីបានគាំទ្រដល់អង្គការខេប តាមរយៈគម្រោងពន្លកចំណេះ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីធ្វើការស្រាវជ្រាវវាយតម្លៃទៅលើប្រសិទ្ធភាពនៃកម្មវិធីគ្រូប្រឹក្សា ដែលជាយន្តការពង្រឹងសមត្ថភាពមួយជួយដល់ការបង្រៀននៅតាមថ្នាក់រៀន។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី។