សាវតារ

អង្គការភូមិខ្ញុំ (MVi) ត្រូវបានបង្កើតឡើងនៅ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០០៧ ដោយក្រុមបុគ្គលិកមកពីអង្គការមួយ ដែលមានឈ្មោះថាស្ត្រីដើម្បីសន្តិភាពនិងបរិស្ថាន (អេសអេសភី)។ ចាប់តាំងពីពេលនោះមក អង្គការភូមិខ្ញុំបានក្លាយជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវបានគេទទួលស្គាល់ថា ធ្វើការដើម្បីសិទ្ធិជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ អង្គការភូមិខ្ញុំលើកទឹកចិត្តដល់ភាពជាម្ចាស់ និងការចូលរួមរបស់ជនជាតិដើមភាគតិច ដែលវាគឺជាវិធីសាស្រ្ត​ដើម្បីការពារដីធ្លី និងធនធានធម្មជាតិរបស់សហគមន៍។

សកម្មភាពចម្បងរបស់អង្គការភូមិខ្ញុំ

អង្គការភូមិខ្ញុំបាននឹងកំពុងប្រតិបត្តិការនៅភាគឥសាន្តនៃប្រទេសកម្ពុជា នៅក្នុងខេត្តមណ្ឌលគីរី​ ក្រចេះនិងស្ទឹងត្រែង ដែលបានផ្តោតលើការរៀបចំសហគមន៍ព្រៃឈើ ការជួយជនជាតិដើមឱ្យស្គាល់អំពីសិទ្ធិរបស់ពួកគេ ការជួយស្ត្រីឱ្យមានសិទ្ធិអំណាច និងផ្តល់ការសម្របសម្រួលក្នុងសហគមន៍ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

អង្គការភូមិខ្ញុំ បានធ្វើការសហការជាមួយបណ្តាញសហគមន៍ បណ្តាញអង្គការក្រៅរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបណ្តាញស្ថាប័ននានានៅថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមមានសាលាខេត្ត រដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសូរិយោដី និងមន្ទីរអភិវឌ្ឍន៍ជនបទ។

ភាពជាដៃគូជាមួយគម្រោងពន្លកចំណេះ

ក្រោមជំនួយមូលនិធិពី DFAT តាមរយៈអង្គការមូលនិធិអាស៊ី អង្គការភូមិខ្ញុំកំពុងអនុវត្តគម្រោងស្រាវជ្រាវមួយស្តីពីការស៊ើបអង្កេតផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើមភាគតិច ដោយផ្តោតលើស្រុកចំនួន ៣ ឃុំចំនួន ៥ ភូមិចំនួន០៥។ គម្រោងស្រាវជ្រាវនេះត្រូវបានគេរំពឹងថានឹងធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច សង្គមរបស់សហគមន៍ជនជាតិដើមភាគតិចដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្វែងរកយុទ្ធសាស្រ្តសម្រាប់ការស្តារសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើម។ គម្រោងនេះនឹងមានសារៈសំខាន់សម្រាប់អ្នកធ្វើការសម្រេចចិត្ត អ្នកធ្វើគោលនយោបាយ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។ ការសិក្សាស្រាវជ្រាវនេះនឹងប្រើសម្រាប់គាំទ្រដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ឬអ្នកធ្វើគោលនយោបាយសម្រាប់ការអភិវឌ្ឍគោលនយោបាយអោយបានប្រសើរ ដើម្បីជាប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិច។ របកគំហើញស្រាវជ្រាវនេះក៏នឹងរួមចំណែកទៅក្នុងការអភិវឌ្ឍផែនការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ជនជាតិដើមដែលត្រូវបានរារាំងដោយជំងឺកូវិដ-១៩ ។ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានក៏អាចប្រើប្រាស់ការស្រាវជ្រាវនេះ ដើម្បីបង្កើត និងរៀបចំកិច្ចអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើមភាគតិច។

ការ​បោះ​ពុម្ព​ផ្សាយ​របស់​​អង្គការភូមិខ្ញុំ​ក្រោម​គម្រោង​ពន្លក​ចំណេះ

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការភូមិខ្ញុំ។