ព្រឹត្តិការណ៍ចុងក្រោយ

ការគាំទ្រថវិកាស្រាវជ្រាវ (ជុំទី២)
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 15 កុម្ភៈ 2021
  • ម៉ោង៖ 12:00 am > 12:01 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ

អង្គការមូលនិធិអាស៊ីមានសេចក្តីរីករាយជម្រាបជូនសាធារណជនអោយបានជ្រាបថា សមាគមន៍កុមាររីករាយ និងអង្គការភូមិខ្ញុំ ត្រូវបានជ្រើសរើសជាដៃគូស្រាវជ្រាវសម្រាប់ការប្រកួតប្រជែងកញ្ចប់ថវិកាស្រាវជ្រាវជុំទី២ ដែលគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលីតាមរយៈគម្រោងពន្លកចំណេះដែលត្រូវបានអនុវត្តដោយអង្គការមូលនិធិអាស៊ី។

សមាគមកុមារីករាយ

សមាគមកុមាររីករាយ ត្រូវបានបង្កើតឡើងនៅឆ្នាំ​​ ១៩៩៨ក្នុងខេត្តបាត់ដំបង។  សមាគមន៍នេះមានបសកកម្មផ្ដល់សេវាសង្គម សេវាសុខភាព ការអប់រំ ការគាំទ្រសេដ្ឋកិច្ចគ្រួសារ ការផ្តល់សេវាពិគ្រោះយោបល់ និង ការតស៊ូមតិដើម្បីសុវត្ថិភាព​​ និង ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពក្នុងសហគមន៍របស់ពួកគេ។

នៅក្រោមភាពជាដៃគូជាមួយពន្លកចំណេះ សមាគមកុមាររីករាយកំពុង​អនុវត្ត​គម្រោង​​ស្រាវជ្រាវ​មួយស្តីអំពីផលប៉ះពាល់​នៃជំងឺ កូវីដ ១៩ ទៅលើការការពារកុមារ ។ គម្រោង​​ស្រាវជ្រាវនេះ នឹងអនុវត្តនៅក្នុងខេត្តបាត់ដំបង ក្នុងស្រុកចំនួន ២ គឺស្រុកបាណន់ និងស្រុកភ្នំព្រឹក ដែលក្នុងនោះ មាន ២ឃុំគឺ ឃុំស្នឹងនៃស្រុកបាណន់ និងឃុំបួរ​ នៃស្រុកភ្នំព្រឹក។ ​សំណាកនឹងត្រូវបានជ្រើសរើសចេញពី៥ ភូមិនៃឃុំនីមួយៗ ហើយដែលមានចំនួន ៣០០ សំណាក (កុមារចន្លោះអាយុ ១១ ដល់១៧ឆ្នាំ ១៥០នាក់ និងមនុស្សពេញវ័យ ១៥០​នាក់)។ គម្រោងស្រាវជ្រាវនេះ ត្រូវ​បាន​រំពឹង​ថា​នឹង​អាចកំណត់នូវ ហានិភ័យ និងបញ្ហាប្រឈម ចំពោះកុមារក្នុងអំឡុងការរីករាលដាលនៃជំងឺ កូវីដ​១៩ ​ហើយនឹងអាចផ្តល់ជា​អនុសាសន៍​លើ​ការ​​រៀបចំ​គោល​នយោបាយ​ ស្តីអំពីប្រព័ន្ធកិច្ចការពារកុមារថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ។

អង្គការភូមិខ្ញុំ

អង្គការភូមិខ្ញុំ (MVi) ត្រូវបានបង្កើតឡើងនៅ ខែវិច្ឆិកា ឆ្នាំ២០០៦  និងកំពុងប្រតិបត្តិការនៅភាគឥសាន្តនៃប្រទេសកម្ពុជា នៅក្នុងខេត្តមណ្ឌលគីរី​ ក្រចេះនិងស្ទឹងត្រែង ដែលបានផ្តោតលើការរៀបចំសហគមន៍ព្រៃឈើ ការជួយជនជាតិដើមឱ្យស្គាល់អំពីសិទ្ធិរបស់ពួកគេ ការជួយស្ត្រីឱ្យមានសិទ្ធិអំណាច និងផ្តល់ការសម្របសម្រួលក្នុងសហគមន៍ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

ក្រោមជំនួយមូលនិធិពី DFAT តាមរយៈអង្គការមូលនិធិអាស៊ី អង្គការភូមិខ្ញុំកំពុងអនុវត្តគម្រោងស្រាវជ្រាវមួយស្តីពីការស៊ើបអង្កេតផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើមភាគតិច ដោយផ្តោតលើស្រុកចំនួន ៣ ឃុំចំនួន ៥ ភូមិចំនួន០៥។ គម្រោងស្រាវជ្រាវនេះត្រូវបានគេរំពឹងថានឹងធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច សង្គមរបស់សហគមន៍ជនជាតិដើមភាគតិចដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្វែងរកយុទ្ធសាស្រ្តសម្រាប់ការស្តារសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើម។ គម្រោងនេះនឹងមានសារៈសំខាន់សម្រាប់អ្នកធ្វើការសម្រេចចិត្ត អ្នកធ្វើគោលនយោបាយ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។ ការសិក្សាស្រាវជ្រាវនេះនឹងប្រើសម្រាប់គាំទ្រដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ឬអ្នកធ្វើគោលនយោបាយសម្រាប់ការអភិវឌ្ឍគោលនយោបាយអោយបានប្រសើរ ដើម្បីជាប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិច។ របកគំហើញស្រាវជ្រាវនេះក៏នឹងរួមចំណែកទៅក្នុងការអភិវឌ្ឍផែនការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ជនជាតិដើមដែលត្រូវបានរារាំងដោយជំងឺកូវិដ-១៩ ។ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានក៏អាចប្រើប្រាស់ការស្រាវជ្រាវនេះ ដើម្បីបង្កើត និងរៀបចំកិច្ចអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមរបស់សហគមន៍ជនជាតិដើមភាគតិច។

ចែករំលែក