សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម

ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងទៅនឹងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម។ សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គម និងអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ដែលតម្រូវឲ្យប្រទេសកម្ពុជាមានយន្តការជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នៅកម្ពុជា (កាសែតខ្មែរថាមស៍ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០)

ផែនការសកម្មភាពជាតិ ២០១៩-២០២៣ ក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីនៃការជួញដូរមនុស្ស

គណៈកម្មាធិការជាតិសម្រាប់ទប់ស្កាត់ការជួញដូរ បានចេញផែនការសកម្មភាពជាតិ ២០១៩-២០២៣ ក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីនៃការជួញដូរមនុស្ស រួមមាន ការពរពោះជំនួស និងការជួញដូរផ្លូវភេទនៅតាមក្លឹបកម្សាន្ត ដែលបានរីករាលដាលកាន់តែច្រើនឡើងតាមរយៈអ៊ីធើណេត។ កាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩

ផែនការយុទ្ធសាស្រ្តក្នុងការបង្កើនចំនួនស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៧-២០១៩)

ផែនការយុទ្ធសាស្រ្តនេះមានគោលបំណងពង្រឹងគុណភាពដឹកនាំ អនុវត្ត និងការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនចំនួនស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីលើកតម្កើងសុខុមាលភាពរបស់ស្រ្តី កុមារ និងសង្គមទាំងមូល។ យុទ្ធសាស្រ្តចំនួនបួននឹងត្រូវបានអនុវត្តនៅក្នុងផែនការនេះ៖ យុទ្ធសាស្ត្រទីមួ៖ ការបង្កើតបទបញ្ញត្តិដែលតម្រូវឱ្យមានការតែងតាំងស្រ្តីនៅក្នុងតួនាទីជាអ្នកដឹកនាំ យុទ្ធសាស្រ្តទីពីរ៖ ការបង្កើតឱកាសក្នុងការតែងតាំង និងការអភិវឌ្ឍសមត្ថភាពស្រ្តី យុទ្ធសាស្រ្តទីបី៖​ ការបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព និងវិជ្ជមានសម្រាប់ស្រ្តី យុទ្ធសាស្រ្តទីបួន៖ ការបញ្ចូលយេនឌ័រទៅក្នុងកំណែទម្រង់រយៈពេលវែង។

ប្រព័ន្ធកំណត់អត្តសញ្ញាណថ្មីត្រូវបានកំណត់ដាក់ចេញសម្រាប់ឆ្នាំ ២០១៩

ចាប់ពីឆ្នាំ២០១៩នេះតទៅ ក្រសួងនឹងផ្តល់លេខកូដអត្តសញ្ញាណ១០ខ្ទង់ ទៅអោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប លេខកូដអត្តសញ្ញាណនេះអាចយកទៅប្រើប្រាស់បានដើម្បីចូលទៅប្រើសេវាសាធារណៈ ឬឯកជនណាមួយ។ លេខកូដអត្តសញ្ញាណថ្មីនេះនឹងត្រូវបានផ្តល់ឱ្យរាល់ពេលបុគ្គលម្នាក់ៗឈានដល់អាយុ១៥ឆ្នាំ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនឯកជនក៏អាចចូលទៅម៉ាស៊ីនបម្រើ(server)ដើម្បីឆែកប្រវត្តិរូបបានដែរ។ See original document here.

ការពង្រឹងក្រុមប្រឹក្សាអាណត្តិទូទៅ

នៅចុងឆ្នាំ២០១៤ អនុក្រឹត្យលេខ២៨៥ ស្តីពីមុខងារជាជម្រើស ត្រូវបានអនុម័ត។ តាមរយៈមុខងារជាជម្រើសនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង រៀបចំ និងប្រតិបត្តិមុខងារជាជម្រើសនេះផ្អែកទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកសារបច្ចេកទេសត្រូវបានចេញកាលពីចុងឆ្នាំ២០១៥ ក្រុមប្រឹក្សាបានចាប់ផ្តើមប្រើប្រាស់ឱកាសនេះ។

យន្តការ/ការិយាល័យច្រកចេញចូលតែមួយ

ក្រសួងមហាផ្ទៃកំពុងបញ្ចប់បញ្ជីនៃសេវារដ្ឋបាលរបស់ក្រសួងពាក់ព័ន្ធដែលអាចត្រូវបាន​ដាក់អោយដំណើរការតាមច្រកចេញចូលតែមួយ។ ក្រសួងមហាផ្ទៃ និង គ.ជ.អ.ប បានចេញអនុក្រឹត្យមួយស្តីពីការបង្កើតយន្តការនៃសេវាច្រកចេញចូលតែមួយនៅថ្នាក់ឃុំ និងព្រាងប្រកាសស្តីពីការបង្កើតមជ្ឈមណ្ឌលច្រកចេញចូលតែមួយ។

ក្រុមការងារកំណែទម្រង់រដ្ឋបាល​សាធារណៈក្រសួងមហាផ្ទៃ

ក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល​ ជម្រុញការអនុវត្ត តាមដាន និងវាយតម្លៃកម្មវិធី យុទ្ធសាស្រ្ត និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលមានចែងនៅក្នុងផែនការកំណែទម្រង់រដ្ឋបាលសាធារណៈជាតិ​ ២០១៥-២០១៨។​ ការងារខ្លះរបស់ក្រុមការងារនេះរួមមានៈ សម្របសម្រួល គ្រប់គ្រង និងដឹកនាំកិច្ចការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រៀបចំផែនការកំណែទម្រង់។​ តាមដាន​ រាយការណ៍ និងវាយតម្លៃដំណើរការកំណែទម្រង់។​

ការផ្ទរមុខងារ

ក្រសួងអប់រំ​ យុវជន និងកីឡា បានផ្ទេរមុខងារ​ និងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំកម្រិតបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ មកឲ្យរដ្ឋបាលស្រុក ខណ្ឌវិញ។​ ការផ្ទេរនេះ នឹងត្រូវធ្វើឡើងជាតំណាក់កាល។​ ចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ការផ្ទេរលើកតំបូង នឹងកើតឡើងនៅក្នុងស្រុក ខណ្ឌ​ ចំនួន១៤ របស់ខេត្តបាត់ដំបង។

សាលាជាតិរដ្ឋបាលមូលដ្ឋាន

ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងសម្ថភាពរបស់មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ និងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ។​ សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីមួយចំនួន រួមមានរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គហ្វឹកហ្វឺនខ្លី និងមធ្យម និងសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ជុំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។

ការអនុវត្ត​ប្រព័ន្ធត្រួត​​ពិនិត្យ​តាមដាន និង​វាយតម្លៃ​សម្រាប់​ថ្នាក់​ស្រុក/ក្រុង​/ខណ្ឌ

ត្រឹមខែ​កញ្ញា ឆ្នាំ ២០១៥ ឧបករណ៍​ត្រួត​ពិនិត្យតាមដាន និង​វាយតម្លៃ​ត្រូវបាន​បំពាក់​នៅក្នុងខណ្ឌទាំងអស់​នៅភ្នំពេញ សំរាប់ធ្វើការសាកល្បងដើម្បី​ឲ្យការគ្រប់គ្រងការងារ​នៅថ្នាក់​ស្រុក/ក្រុង/ខណ្ឌ​កាន់តែប្រសើរឡើង។ ឧបករណ៍ត្រួត​​ពិនិត្យ​តាម​ដាន និងវាយតម្លៃនេះ​នឹង​អនុញ្ញាត​ឱ្យ​ស្រុក/ក្រុង/ខណ្ឌ​កត់ត្រា​រាល់សកម្មភាព​ជាមួយ​សូចនាករជាក់លាក់ ដើម្បី​វាយតម្លៃ​ភាពជោគជ័យ​របស់ខ្លួន។