បោះពុម្ពផ្សាយ៖27 សីហា 2019
រៀបចំប្រព័ន្ធទទួលស្គាល់គុណភាពថ្នាក់ជាតិថ្មី
ប្រព័ន្ធថ្មីមួយត្រូវបានរៀបចំឡើង ដើម្បីធានាថា រាល់ផលិតផល ដែលផលិតនៅកម្ពុជាទាំងអស់ស្របតាមស្ដង់ដារគុណភាពអាស៊ាន និងអន្តរជាតិ នៅខណៈដែលព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនសម្រាប់សមាហរណកម្មតំបន់នៅចុងឆ្នាំនេះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវការធានាឲ្យបានថា ក្រុមហ៊ុន និងទីភ្នាក់ងារនានា ដែលផ្ដល់សេវាធ្វើវិញ្ញាបនបត្រកម្មផលិតផលមានជំនាញក្នុងការធ្វើបែបនេះ និងកំពុងធ្វើប្រតិបត្តិការទៅរកស្ដង់ដារដ៏ខ្ពស់បំផុត។ រាល់ផលិតផលដែលផលិតនៅកម្ពុជាទាំងអស់ រួមមាន សម្លៀកបំពាក់ អង្ករ នំផលិតនៅក្នុងស្រុក ទឹកច្រកដប ជាដើម តម្រូវឱ្យមានការបញ្ជាក់ពីគុណភាព នៅពេលវេចខ្ចប់ និងលក់ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។ ក្រុមប្រឹក្សាជាតិស្ដង់ដារនៃប្រទេសថៃនឹងធ្វើការជាមួយនាយកដ្ឋានទទួលស្គាល់គុណភាពរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីដំឡើងប្រព័ន្ធនេះ។ បច្ចុប្បន្ន ប្រព័ន្ធទទួលស្គាល់គុណភាព និងមន្ទីរពិសោធន៍របស់កម្ពុជាស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម និងក្រសួងសុខភាពសាធារណៈ។ ឥឡូវ នាយកដ្ឋានទទួលស្គាល់គុណភាព ដែលទើបតែបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងដើរតួនាទីជាអង្គភាពត្រួតពិនិត្យរបស់រដ្ឋាភិបាលតែមួយគត់ក្នុងការធ្វើឱ្យដំណើរការនេះឲ្យកាន់តែឆាប់រហ័ស និងមានលក្ខណៈស្មុគស្មាញតិចជាងមុន។