ការរៀបចំក្របខណ្ឌច្បាប់-បញ្ញត្តិ សម្រាប់និរន្តរភាពនៃទឹក

ក្រសួងសម្រេចបាននូវសមិទ្ធផលក្នុងការរៀបចំអនុក្រឹត្យសារជាថ្មីបានចំនួន ២ ដើម្បីអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចខាងក្រោម៖ – អនុក្រឹត្យស្តីពី នីតិវិធីនៃការបង្កើត ការរំសាយចោល និងការកំណត់តួនាទី និងភារកិច្ចនៃសហគមន៍កសិករប្រើប្រាស់ទឹក ដែលគណៈរដ្ឋមន្ត្រីប្រជុំពេញអង្គ អនុម័តជាផ្លូវការនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៥។ – អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ដែលគណៈរដ្ឋមន្ត្រីប្រជុំពេញអង្គ អនុម័តជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥។

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត

ក. ការអន្តរាគមន៍សង្រ្គោះស្រូវពេលមានគ្រោះរាំងស្ងួត៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រមូលផ្តុំនូវម៉ាស៊ីនបូមទឹក និងមធ្យោបាយចាំបាច់នានា ក្នុងការអន្តរាគមន៍បូមទឹកសង្រោ្គះស្រូវនៅតំបន់ដែលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងឆ្នាំ ២០១៤ – ២០១៦។ ខ. ការដំទ្បើង និង​ ជួសជុលស្ថានីយនិងម៉ាស៊ីនបូមទឹក៖ ក្រសួងបានសាងសង់ និងដំទ្បើងស្ថានីយបូមទឹក ១កន្លែង និង ជួសជុលស្ថានីយបូមទឹក ១៦កន្លែង និង ម៉ាស៊ីនបូមទឹកចំនួន ៤៤គ្រឿង។

ការគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក និង​​ ប្រព័ន្ធធារាសាស្ត្រ

ក. ការស្តារ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ៖​ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តន៍គំរោងចំនួន ៤២៦ ដើម្បីពង្រីកលទ្ធភាពស្រោចស្រពដំណាំស្រូវប្រាំង និងវស្សានៅទូទាំងប្រទេស។ ខ. ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក៖ ក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមប្រព័ន្ធធារាសាស្ត្រក្នុងសហគមន៍ចំនួ​​ន ៣៤ ដែលមានផ្ទៃដីស្រូវវស្សា ៧២​.០៩៥ ហ.ត ស្រូវប្រាំងចំនួន ១៤.៥៤២ ហ.ត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១១.១៥៦ គ្រួសារ។