ក្រុមការងារកំណែទម្រង់រដ្ឋបាល​សាធារណៈក្រសួងមហាផ្ទៃ

ក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល​ ជម្រុញការអនុវត្ត តាមដាន និងវាយតម្លៃកម្មវិធី យុទ្ធសាស្រ្ត និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលមានចែងនៅក្នុងផែនការកំណែទម្រង់រដ្ឋបាលសាធារណៈជាតិ​ ២០១៥-២០១៨។​ ការងារខ្លះរបស់ក្រុមការងារនេះរួមមានៈ សម្របសម្រួល គ្រប់គ្រង និងដឹកនាំកិច្ចការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រៀបចំផែនការកំណែទម្រង់។​ តាមដាន​ រាយការណ៍ និងវាយតម្លៃដំណើរការកំណែទម្រង់។​

ការផ្ទរមុខងារ

ក្រសួងអប់រំ​ យុវជន និងកីឡា បានផ្ទេរមុខងារ​ និងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំកម្រិតបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ មកឲ្យរដ្ឋបាលស្រុក ខណ្ឌវិញ។​ ការផ្ទេរនេះ នឹងត្រូវធ្វើឡើងជាតំណាក់កាល។​ ចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ការផ្ទេរលើកតំបូង នឹងកើតឡើងនៅក្នុងស្រុក ខណ្ឌ​ ចំនួន១៤ របស់ខេត្តបាត់ដំបង។

សាលាជាតិរដ្ឋបាលមូលដ្ឋាន

ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងសម្ថភាពរបស់មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ និងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ។​ សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីមួយចំនួន រួមមានរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គហ្វឹកហ្វឺនខ្លី និងមធ្យម និងសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ជុំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។

ការអនុវត្ត​ប្រព័ន្ធត្រួត​​ពិនិត្យ​តាមដាន និង​វាយតម្លៃ​សម្រាប់​ថ្នាក់​ស្រុក/ក្រុង​/ខណ្ឌ

ត្រឹមខែ​កញ្ញា ឆ្នាំ ២០១៥ ឧបករណ៍​ត្រួត​ពិនិត្យតាមដាន និង​វាយតម្លៃ​ត្រូវបាន​បំពាក់​នៅក្នុងខណ្ឌទាំងអស់​នៅភ្នំពេញ សំរាប់ធ្វើការសាកល្បងដើម្បី​ឲ្យការគ្រប់គ្រងការងារ​នៅថ្នាក់​ស្រុក/ក្រុង/ខណ្ឌ​កាន់តែប្រសើរឡើង។ ឧបករណ៍ត្រួត​​ពិនិត្យ​តាម​ដាន និងវាយតម្លៃនេះ​នឹង​អនុញ្ញាត​ឱ្យ​ស្រុក/ក្រុង/ខណ្ឌ​កត់ត្រា​រាល់សកម្មភាព​ជាមួយ​សូចនាករជាក់លាក់ ដើម្បី​វាយតម្លៃ​ភាពជោគជ័យ​របស់ខ្លួន។

ការពង្រឹងយុទ្ធសាស្ត្រ​យេនឌ័រ

ក្រុមការងារយេនឌ័រ​ត្រូវបានបង្កើតឡើង តាមរយៈ​សេចក្តីសម្រេច​ជាផ្លូវការរបស់ គ.ជ.អ.ប ដើម្បី​សម្របសម្រួល​សកម្មភាព​ទាក់ទង​នឹង​យេនឌ័រ។ យុទ្ធសាស្ត្រ​នេះ​ត្រូវបានបង្កើតឡើង ដើម្បី​សម្រួល​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិក្នុងការ​លើកស្ទួយ​ស្ត្រី បញ្ជ្រាបយេនឌ័រ​ទៅក្នុង​គោល​នយោបាយ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ និង​ជំរុញការផ្តល់​ការងារដល់​ស្ត្រីនៅ​ក្នុង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។ ទាក់ទង​នឹងការផ្តល់​ការងារ គោលដៅ គឺត្រូវមាន​ស្ត្រី ២០ ភាគរយ​ក្នុងចំណោម​អ្នក​ធ្វើសេចក្តីសម្រេច​ចិត្តថ្នាក់​ខេត្ត​/រាជធានី​ (ប្រធាននាយកដ្ឋាន ប្រធាន​ផ្នែក) និង​មានស្ត្រី ២៥ ក្នុងចំណោម​អ្នក​ធ្វើសេចក្តីសម្រេច​ចិត្ត​ថ្នាក់​ស្រុក/​ក្រុង/ខណ្ឌ នៅឆ្នាំ ២០១៨។ ចំនួនស្រ្តីដែលមានតួនាទីជាអ្នកធ្វើការសម្រេចចិត្តបានកើនពី ១២.៩៦ ភាគរយក្នុងឆ្នាំ ២០១៣ ទៅ ១៣.៩៣ ភាគរយ​ក្នុងឆ្នាំ ២០១៤។

ការពង្រឹង​សមត្ថភាពរដ្ឋបាលស្រុក/ក្រុង

សៀវភៅណែនាំ​ស្ដីពីការរៀបចំគម្រោង​​​ស្រុក/ក្រុង/ខណ្ឌ​ ដែល​ចាំបាច់​សម្រាប់​ការអនុវត្ត​មូលនិធិ​ស្រុក/ក្រុង ត្រូវបានបញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ ២០១៤ ហើយ​ការបណ្ដុះបណ្ដាល​ត្រូវបាន​បញ្ចប់​ក្នុង​អំឡុងពេល​ត្រីមាសទីបី។ សៀវភៅណែនាំ​ជាច្រើនត្រូវ​បាន​រៀបចំឡើង​សម្រាប់​នីតិវិធី​ប្រតិបត្តិថ្នាក់ស្រុក ដូចជា រដ្ឋបាល ការគ្រប់គ្រង​ធនធានមនុស្ស និង មុខងារ​សំខាន់ៗ​​ទាំងអស់​នៅក្រោម​ស្រុក/ក្រុង​។ សៀវភៅ​ណែនាំទាំង​​នោះមានព័ត៌មានអំពី ​ការគាំទ្រ​ឃុំ/សង្កាត់ ការចូលរួមរបស់​ប្រជាពលរដ្ឋ លក្ខន្តិកៈ និង​សេចក្តីសម្រេច កិច្ចប្រជុំ រដ្ឋបាល​ទូទៅ ការគ្រប់គ្រងការិយាល័យ ការគ្រប់គ្រង​បុគ្គលិក និង​ហិរញ្ញវត្ថុ ការរៀបចំគម្រោង និង​ការត្រួតពិនិត្យផ្នែក​បច្ចេកទេស ការគ្រប់គ្រង​លទ្ធកម្ម និង​កិច្ច​សន្យា និង​ការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង និង​លទ្ធកម្ម។ សិក្ខាសាលា​មួយចំនួន​ត្រូវបាន​រៀបចំឡើង ហើយ​សៀវភៅ​ណែនាំនេះ​រង់ចាំ​ការ​ត្រួតពិនិត្យ​ចុងក្រោយ​ពី​ក្រសួង​មហាផ្ទៃ មុននឹងដាក់ស្នើ​សុំការអនុម័ត។

ការពង្រឹង​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់​ក្រោមជាតិ

ត្រឹម​ខែមេសា ឆ្នាំ ២០១៤ ខេត្ត និង​រាជធានីទាំង ២៥ បាន​បង្កើតសមាគម​​ក្រុមប្រឹក្សា​​ស្រុក/ក្រុង/ខណ្ឌ និង​ឃុំ/សង្កាត់។ សមាគមថ្នាក់ខេត្ត​នៃ​សមាគម​ក្រុមប្រឹក្សា​​​ស្រុក/ក្រុង/ខណ្ឌ និង​ឃុំ/សង្កាត់ នឹង​ត្រូវបានបញ្ចូល​ទៅក្នុង​សម្ព័ន្ធ​ជាតិ​ក្រុមប្រឹក្សា​​ស្រុក/ក្រុង/ខណ្ឌ ​និងឃុំ/សង្កាត់។

ប្រព័ន្ធ​ត្រួតពិនិត្យ​ការប្រតិបត្តិតាម

ប្រព័ន្ធ​ត្រួតពិនិត្យការប្រតិបត្តិតាម​ ​ប្រើសំរាប់វាយតម្លៃ​ដោយឯករាជ្យ​ថាតើ​រដ្ឋបាលថ្នាក់ក្រោមជាតិ​គោរពតាមវិធាន និង​បទប្បញ្ញត្តិ​ដែរឬទេ។ ក្នុងអំឡុងឆ្នាំ ២០១៤ ការត្រួតពិនិត្យ​ស៊ីជម្រៅមួយ​លើ​ប្រព័ន្ធ និងដំណើរការ​​ត្រួតពិនិត្យការប្រតិបត្តិតាម​ ត្រូវបាន​បញ្ចប់។ នៅត្រឹមចុងឆ្នាំ ២០១៤ សេចក្តីព្រាង​យុទ្ធសាស្ត្រ​ត្រួត​ពិនិត្យ​ការប្រតិបត្តិតាម​មួយ​​ត្រូវបានបញ្ចប់ ដែល បច្ចុប្បន្ន​កំពុងស្ថិតក្នុងការពិភាក្សា​ជាមួយ​ក្រសួង​មហាផ្ទៃ។ ការ​ត្រួត​ពិនិត្យ​នេះមានគោលបំណង​​ពណ៌នា​អំពី​ដំណើរការ​ដែល​ត្រូវ​ប្រើប្រាស់ ការរៀបចំស្ថាប័ន ប្រព័ន្ធដាក់ពិន្ទុ និង​រាយការណ៍ និង​របៀបនៃការប្រើប្រាស់លទ្ធផល​ដែលទទួលបានពីការត្រួតពិនិត្យ ។

បង្កើតប្រព័ន្ធ​រៀបចំផែនការ​/ ថវិកា​សម្រាប់​​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​​

គោលនយោបាយ​ស្ដីពី​ប្រព័ន្ធរៀបចំផែនការ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ត្រូវបានរៀបចំ និងអនុម័ត​នៅខែ​វិច្ឆិកា ឆ្នាំ ២០១៤។ គោលនយោបាយ​នេះ​ជំរុញ​​ស្វ័យភាព​នៃរដ្ឋបាល​ថ្នាក់​ក្រោមជាតិនីមួយៗ ឲ្យ​រៀបចំផែនការ គ្រប់គ្រង​ធនធានផ្ទាល់ខ្លួន អនុវត្ត​មុខងារដែលបានផ្ទេរ និង​អនុវត្ត​មុខងារ​ជាជម្រើស​តាមការជ្រើសរើសរបស់ខ្លួន ដើម្បីឆ្លើយតប​ឱ្យបានកាន់តែប្រសើរ​ទៅលើ​អាទិភាព និងតម្រូវការ​តាម​មូលដ្ឋាន។ គោលនយោបាយនេះ​​បែងចែកដាច់​រវាង​ផែនការ​យុត្តាធិការ និង​ផែនការ​សារជីវកម្ម កំណត់​ប្រព័ន្ធផែនការ​ខុសៗគ្នា (រាជធានី ខេត្ត​ ក្រុង ជនបទ) កំណត់ឧបករណ៍រៀបចំផែនការ​ខុសៗគ្នា និង​បង្កើត​ប្រព័ន្ធ​គាំទ្រ​ប្រកបដោយប្រសិទ្ធភាពមួយ​សម្រាប់ការ​រៀបចំផែនការ និងការ​រៀបចំ​ថវិកា​នៅថ្នាក់ក្រោមជាតិ ដោយមាន​ការ​កំណត់​យ៉ាងច្បាស់លាស់នូវ​តួនាទី និង​មុខងារ​របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំង​នៅថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ។

ការពង្រឹង​អំណាចក្រុមប្រឹក្សានានា​​

អនុក្រិត្យ​ស្ដីពី​នីតិវិធី​សម្រាប់​ការរៀបចំ​ ការធ្វើវិសោធនកម្ម និង​ការ​ចាត់ទុក​ជានិរាករណ៍​ចំពោះដីការ​បស់ក្រុមប្រឹក្សា​រាជធានី និង​ខេត្ត ស្រុក ក្រុង និង​ខណ្ឌ ត្រូវបាន​អនុម័ត។ ក្រុមប្រឹក្សានេះ​អាច​រៀបចំ​ដីកានេះបានដោយខ្លួនឯង។ ទោះបីជាយ៉ាងណា ដីកា​ត្រូវធានាឲ្យបាន​នូវការចូលរួមពី​ភាគីពាក់ព័ន្ធ ជាពិសស​ស្ត្រី យុវជន និង​ក្រុម​ងាយរងគ្រោះ។ ដីកា​ត្រូវ​តែ​ឆ្លងកាត់ការត្រួតពិនិត្យឡើងវិញ​ដោយ​គណៈអភិបាល និងបន្តាប់មកចែកជូន​ដល់សាធារណៈជន​ដើម្បី​ទទួលយក​យោបល់។