រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីទំហំ ៣៥៥៧ ហិចតា នៅក្នុងខេត្តព្រៃវែង។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១
ក្រសួងបរិស្ថាន
គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង
ក្រសួងបរិស្ថានកំពុងរៀបចំគោលនយោបាយថ្មីស្តីពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹងនៅតាមទីប្រជុំជន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណល់។ គោលនយោបាយថ្មីនេះរួមមាន ការបែងចែកតំបន់ប្រមូលសំរាម និងការបង្កើតតំបន់ចាក់សំរាមបន្ថែម ដើម្បីរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភពភាពប្រកបដោយបរិស្ថានល្អ អនាម័យ និងទាក់ទាញ។ បើយោងតាមក្រសួងបរិស្ថាន កម្ពុជាបង្កើតសំរាមជាង ១០,០០០ តោនរៀងរាល់ថ្ងៃ ប៉ុន្តែមានតែសំរាមប្រហែល ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់នៅកន្លែងចាក់សំរាម រីឯសំរាមដែលនៅសល់ត្រូវបានបោះចោលតាមដងផ្លូវ ឬទៅក្នុងទឹក ឬដុតចោល។ ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០
សារាចរណ៍ណែនាំស្តីពីការកាត់បន្ថយខ្យល់ពុលនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំឱ្យគ្រប់ស្ថាប័នទប់ស្កាត់ និងកាត់បន្ថយការបញ្ចេញឧស្ម័ន។ បើយោងតាមសារាចរណ៍ណែនាំនេះ ការបំពុលកើតឡើងពីរោចក្រ យានយន្ត ភ្លើងឆេះព្រៃ ការដុតសំរាម និងសំណល់នៅតាមការដ្ឋានសាងសង់ ដែលបានប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ មន្រ្តីរដ្ឋាភិបាលត្រូវត្រួតពិនិត្យការដ្ឋានសាងសង់ ស្ថានីយប្រេងឥន្ធនៈ យានយន្ត និងគ្រឿងយន្តសម្រាប់ដុតសំរាម ដើម្បីធានាអំពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ បើយោងតាមក្រសួងបរិស្ថាន ៧០ភាគរយនៃការបំពុលកើតចេញពីចំហេះប្រេងឥន្ធនៈយានយន្ត ២០ភាគរយមកពីធូលីនៅតាមការដ្ឋានសាងសង់ និង១០ភាគរយមកពីប្រភពផ្សេងៗរួមមានការដុតសំរាមជាដើម។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០
ការអប់រំ និងផ្សព្វផ្សាយ
ក. បានកែលំអការផ្សព្វផ្សាយព័ត៌មាន៖ បានបង្កើតគេហទំព័រ និងទំព័រហ្វេសប៊ុក (Facebook) ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបរិស្ថាន ជីវចម្រុះ និងការចិញ្ចឹមជីវិតប្រកបដោយចីរភាព។ ខ. បង្កើនការយល់ដឹងនៅតាមសហគមន៍អំពីការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅថ្នាក់សហគមន៍ និងបញ្ហាថាមពល និងការបំពុលបរិស្ថាន។ គ. បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចូលការអប់រំបរិស្ថាន ទៅក្នុងកម្មវិធីសិក្សា នៅគ្រប់កម្រិតទាំងអស់បានសហការជាមួយនឹងក្រសួងព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មាន។
ការអភិរក្សជីវចម្រុះ
ក. បានវាយតម្លៃគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច (ពិនិត្យឡើងវិញលើសកម្មភាពក្រុមហ៊ុនឯកជនចំនួន ២៣ ដកហូតអាជ្ញាប័ណ្ណ និងដកហូតមកវិញនូវដីជាង ៩០០០០ ហិចតា ដែលបច្ចុប្បន្ននេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន)។ ខ. បានបង្កើតយន្តការ ដើម្បីសម្របសម្រួល និងចែករំលែកព័ត៌មានអំពីជីវចម្រុះ (បានបង្កើតគេហទំព័រ www.chm.gdancp-moe.org ជាមជ្ឈមណ្ឌលទិន្នន័យអនឡាញមួយ ដែលមានផ្ទុកឯកសារ ព្រឹត្តិការណ៍ សេចក្តីសម្រេច គោលនយោបាយ និងច្បាប់ ពាក់ព័ន្ធជាមួយនឹងអនុសញ្ញាសហប្រជាជាតិស្តីពីជីវចំរុះ)។
កិច្ចគាំពារបរិស្ថាន
ក. រៀបចំគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ដោយផ្តោតលើការគ្រប់គ្រងសំណល់រឹង និងរាវ នៅទីក្រុងឬ ទីប្រជុំជន។ ខ. ប្រកាសអន្តរក្រសួងជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការប្រើប្រាស់កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសំរាប់អនុវត្តមុខងារកគ្រប់គ្រងសំណល់រឹង និងរាវតាមទីប្រជុំជនក្រុងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយ តម្លាភាព គណនេយ្យភាព និង ប្រសិទ្ឋភាព។កញ្ចប់ថវិការសេវាអនាម័យបរិស្ថានសម្រាប់ឆ្នាំ ២០១៥មានចំនួន ២០ ០០០លានរៀលត្រូវបានផ្តល់ឲ្យរដ្ឋបាលក្រុង ២៦នៃខេត្ត ២៤។ គ. រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការបំពុលបរិស្ថាន អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់បរិក្ខាអគ្គិសនីនិងអេឡិចត្រូនិច សារាចរណ៍ណែនាំស្តីពីការគ្រប់គ្រងសំណល់ទឹកលូដល់អាជ្ញាធររាជធានីខេត្ត សារាចរណ៍ណែនាំស្តីពីការប្រមូល ដឹកជញ្ជូន ការកែច្នៃនិងការបោះចោលសំណល់រឹង ប្រកាសអន្តរក្រសួងមហាផ្ទៃបរិស្ថានស្តីពីការគ្រប់គ្រងសំណល់លូរាជធានីខេត្ត ។ ឃ. បានបង្កើតក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់សង្គម និងបរិស្ថាន ដែលដាក់ដោយស្ថាប័នឯកជន ឬសាធារណៈ។ ង. រៀបចំផែនការកសាងអាងប្រព្រឹត្តិកម្មទឺកកខ្វក់នៅប៉ោយប៉ែត និងរាជធានីភ្នំពេញ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្ទេរមុខងារ
ក. បានសាងសង់អគារបៃតងទំនើបថ្មីរបស់ទីស្តីការក្រសួង (អាគារមរតកតេជោ) នៅចន្លោះអគារណាហ្គាវើល និងកោះពេជ្រ។ ខ. ការធ្វើវិមជ្ឈការ ដើម្បីផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ ខាងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ។ ក្រសួងបរិស្ថានគ្រោងនឹងផ្ទេរមុខងារខាងក្រោមដល់ថ្នាក់ក្រោមជាតិ៖ (១)ពង្រឹងការគ្រប់គ្រងសំណល់រឹង និងរាវតាមទីប្រជុំជន (២)វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងវិនិយោគតាមអនុក្រឹតលេខ ៧២ (៣) គ្រប់គ្រងតំបន់ការពារធម្មជាតិ (៤) គ្រប់គ្រងសហគមន៍ក្នុងតំបន់ការពារធម្មជាតិ (៥)ពង្រឹងការអប់រំបិស្ថាន និង (៦) ការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុ។
ការពង្រឹងការងាររដ្ឋបាល និងការអភិវឌ្ឍធនធានមនុស្ស
ក. កែសម្រួលរបៀបរបបគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រងបុគ្កលិក និងការងារគ្រប់គ្រងហិរញ្ញវត្ថុ។ ខ. លើកកម្ពស់ និងពង្រឹងស្មារតីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ (ពង្រឹងវិជ្ជាជីវៈ ឆន្ទៈការងារ ការជឿទុកចិត្តគ្នាក្នុងចំណោមបុគ្គលិកនៅគ្រប់លំដាប់ថ្នាក់) គ. ការកសាងនិងអភិវឌ្ឍធនធានមន្ត្រីរាជការ៖ សហការជាមួយ សាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាលមន្ត្រីក្រសួងគ្រប់លំដាប់ថ្នាក់នូវជំនាញរដ្ឋបាលទួទៅ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ការបណ្តុះបណ្តាលកសាងជំនាញបច្ចេកទេសរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ អំពីការងារគ្រប់គ្រងបរិស្ថាន និងកសាងជំនាញគ្រប់គ្រង និងអភិរក្សរបស់អនុរក្សឧទ្យានជាតិ។
បានបង្កើតក្រុមប្រឹក្សា ពិគ្រោះយោបល់លើការងារគោលនយោបាយ និងយុទ្ធសាស្ត្រ
ក្រុមផ្តល់ប្រឹក្សាមួយត្រូវបានបង្កើតឡើង ដើម្បីផ្តល់ដំបូន្មានអំពីដំណើរការនៃកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង រៀបចំគោលនយោ-បាយ និងយុទ្ធសាស្ត្រ និងពង្រឹងក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុទ្ធ។
កែសម្រួលភារកិច្ច និងពង្រឹងតួនាទីរបស់ថ្នាក់ដឹកនាំ
កំណត់ឲ្យបានច្បាស់ពីតួនាទី និងមុខងាររបស់ថ្នាក់ដឹកនាំ (រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ) ដើម្បីអនុវត្តផែនការសកម្មភាពរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
