ក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល ជម្រុញការអនុវត្ត តាមដាន និងវាយតម្លៃកម្មវិធី យុទ្ធសាស្រ្ត និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលមានចែងនៅក្នុងផែនការកំណែទម្រង់រដ្ឋបាលសាធារណៈជាតិ ២០១៥-២០១៨។ ការងារខ្លះរបស់ក្រុមការងារនេះរួមមានៈ សម្របសម្រួល គ្រប់គ្រង និងដឹកនាំកិច្ចការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រៀបចំផែនការកំណែទម្រង់។ តាមដាន រាយការណ៍ និងវាយតម្លៃដំណើរការកំណែទម្រង់។
ក្រសួងមហាផ្ទៃ
ការផ្ទរមុខងារ
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរមុខងារ និងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំកម្រិតបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ មកឲ្យរដ្ឋបាលស្រុក ខណ្ឌវិញ។ ការផ្ទេរនេះ នឹងត្រូវធ្វើឡើងជាតំណាក់កាល។ ចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ការផ្ទេរលើកតំបូង នឹងកើតឡើងនៅក្នុងស្រុក ខណ្ឌ ចំនួន១៤ របស់ខេត្តបាត់ដំបង។
សាលាជាតិរដ្ឋបាលមូលដ្ឋាន
ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងសម្ថភាពរបស់មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ និងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ។ សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីមួយចំនួន រួមមានរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គហ្វឹកហ្វឺនខ្លី និងមធ្យម និងសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ជុំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។
ការអនុវត្តប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់ថ្នាក់ស្រុក/ក្រុង/ខណ្ឌ
ត្រឹមខែកញ្ញា ឆ្នាំ ២០១៥ ឧបករណ៍ត្រួតពិនិត្យតាមដាន និងវាយតម្លៃត្រូវបានបំពាក់នៅក្នុងខណ្ឌទាំងអស់នៅភ្នំពេញ សំរាប់ធ្វើការសាកល្បងដើម្បីឲ្យការគ្រប់គ្រងការងារនៅថ្នាក់ស្រុក/ក្រុង/ខណ្ឌកាន់តែប្រសើរឡើង។ ឧបករណ៍ត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះនឹងអនុញ្ញាតឱ្យស្រុក/ក្រុង/ខណ្ឌកត់ត្រារាល់សកម្មភាពជាមួយសូចនាករជាក់លាក់ ដើម្បីវាយតម្លៃភាពជោគជ័យរបស់ខ្លួន។
ការពង្រឹងយុទ្ធសាស្ត្រយេនឌ័រ
ក្រុមការងារយេនឌ័រត្រូវបានបង្កើតឡើង តាមរយៈសេចក្តីសម្រេចជាផ្លូវការរបស់ គ.ជ.អ.ប ដើម្បីសម្របសម្រួលសកម្មភាពទាក់ទងនឹងយេនឌ័រ។ យុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកស្ទួយស្ត្រី បញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំរុញការផ្តល់ការងារដល់ស្ត្រីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាក់ទងនឹងការផ្តល់ការងារ គោលដៅ គឺត្រូវមានស្ត្រី ២០ ភាគរយក្នុងចំណោមអ្នកធ្វើសេចក្តីសម្រេចចិត្តថ្នាក់ខេត្ត/រាជធានី (ប្រធាននាយកដ្ឋាន ប្រធានផ្នែក) និងមានស្ត្រី ២៥ ក្នុងចំណោមអ្នកធ្វើសេចក្តីសម្រេចចិត្តថ្នាក់ស្រុក/ក្រុង/ខណ្ឌ នៅឆ្នាំ ២០១៨។ ចំនួនស្រ្តីដែលមានតួនាទីជាអ្នកធ្វើការសម្រេចចិត្តបានកើនពី ១២.៩៦ ភាគរយក្នុងឆ្នាំ ២០១៣ ទៅ ១៣.៩៣ ភាគរយក្នុងឆ្នាំ ២០១៤។
ការពង្រឹងសមត្ថភាពរដ្ឋបាលស្រុក/ក្រុង
សៀវភៅណែនាំស្ដីពីការរៀបចំគម្រោងស្រុក/ក្រុង/ខណ្ឌ ដែលចាំបាច់សម្រាប់ការអនុវត្តមូលនិធិស្រុក/ក្រុង ត្រូវបានបញ្ចប់នៅខែមិថុនា ឆ្នាំ ២០១៤ ហើយការបណ្ដុះបណ្ដាលត្រូវបានបញ្ចប់ក្នុងអំឡុងពេលត្រីមាសទីបី។ សៀវភៅណែនាំជាច្រើនត្រូវបានរៀបចំឡើងសម្រាប់នីតិវិធីប្រតិបត្តិថ្នាក់ស្រុក ដូចជា រដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស និង មុខងារសំខាន់ៗទាំងអស់នៅក្រោមស្រុក/ក្រុង។ សៀវភៅណែនាំទាំងនោះមានព័ត៌មានអំពី ការគាំទ្រឃុំ/សង្កាត់ ការចូលរួមរបស់ប្រជាពលរដ្ឋ លក្ខន្តិកៈ និងសេចក្តីសម្រេច កិច្ចប្រជុំ រដ្ឋបាលទូទៅ ការគ្រប់គ្រងការិយាល័យ ការគ្រប់គ្រងបុគ្គលិក និងហិរញ្ញវត្ថុ ការរៀបចំគម្រោង និងការត្រួតពិនិត្យផ្នែកបច្ចេកទេស ការគ្រប់គ្រងលទ្ធកម្ម និងកិច្ចសន្យា និងការពិនិត្យតាមដាន និងវាយតម្លៃគម្រោង និងលទ្ធកម្ម។ សិក្ខាសាលាមួយចំនួនត្រូវបានរៀបចំឡើង ហើយសៀវភៅណែនាំនេះរង់ចាំការត្រួតពិនិត្យចុងក្រោយពីក្រសួងមហាផ្ទៃ មុននឹងដាក់ស្នើសុំការអនុម័ត។
ការពង្រឹងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
ត្រឹមខែមេសា ឆ្នាំ ២០១៤ ខេត្ត និងរាជធានីទាំង ២៥ បានបង្កើតសមាគមក្រុមប្រឹក្សាស្រុក/ក្រុង/ខណ្ឌ និងឃុំ/សង្កាត់។ សមាគមថ្នាក់ខេត្តនៃសមាគមក្រុមប្រឹក្សាស្រុក/ក្រុង/ខណ្ឌ និងឃុំ/សង្កាត់ នឹងត្រូវបានបញ្ចូលទៅក្នុងសម្ព័ន្ធជាតិក្រុមប្រឹក្សាស្រុក/ក្រុង/ខណ្ឌ និងឃុំ/សង្កាត់។
ប្រព័ន្ធត្រួតពិនិត្យការប្រតិបត្តិតាម
ប្រព័ន្ធត្រួតពិនិត្យការប្រតិបត្តិតាម ប្រើសំរាប់វាយតម្លៃដោយឯករាជ្យថាតើរដ្ឋបាលថ្នាក់ក្រោមជាតិគោរពតាមវិធាន និងបទប្បញ្ញត្តិដែរឬទេ។ ក្នុងអំឡុងឆ្នាំ ២០១៤ ការត្រួតពិនិត្យស៊ីជម្រៅមួយលើប្រព័ន្ធ និងដំណើរការត្រួតពិនិត្យការប្រតិបត្តិតាម ត្រូវបានបញ្ចប់។ នៅត្រឹមចុងឆ្នាំ ២០១៤ សេចក្តីព្រាងយុទ្ធសាស្ត្រត្រួតពិនិត្យការប្រតិបត្តិតាមមួយត្រូវបានបញ្ចប់ ដែល បច្ចុប្បន្នកំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រសួងមហាផ្ទៃ។ ការត្រួតពិនិត្យនេះមានគោលបំណងពណ៌នាអំពីដំណើរការដែលត្រូវប្រើប្រាស់ ការរៀបចំស្ថាប័ន ប្រព័ន្ធដាក់ពិន្ទុ និងរាយការណ៍ និងរបៀបនៃការប្រើប្រាស់លទ្ធផលដែលទទួលបានពីការត្រួតពិនិត្យ ។
បង្កើតប្រព័ន្ធរៀបចំផែនការ/ ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
គោលនយោបាយស្ដីពីប្រព័ន្ធរៀបចំផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងអនុម័តនៅខែវិច្ឆិកា ឆ្នាំ ២០១៤។ គោលនយោបាយនេះជំរុញស្វ័យភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ឲ្យរៀបចំផែនការ គ្រប់គ្រងធនធានផ្ទាល់ខ្លួន អនុវត្តមុខងារដែលបានផ្ទេរ និងអនុវត្តមុខងារជាជម្រើសតាមការជ្រើសរើសរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរទៅលើអាទិភាព និងតម្រូវការតាមមូលដ្ឋាន។ គោលនយោបាយនេះបែងចែកដាច់រវាងផែនការយុត្តាធិការ និងផែនការសារជីវកម្ម កំណត់ប្រព័ន្ធផែនការខុសៗគ្នា (រាជធានី ខេត្ត ក្រុង ជនបទ) កំណត់ឧបករណ៍រៀបចំផែនការខុសៗគ្នា និងបង្កើតប្រព័ន្ធគាំទ្រប្រកបដោយប្រសិទ្ធភាពមួយសម្រាប់ការរៀបចំផែនការ និងការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ ដោយមានការកំណត់យ៉ាងច្បាស់លាស់នូវតួនាទី និងមុខងាររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការពង្រឹងអំណាចក្រុមប្រឹក្សានានា
អនុក្រិត្យស្ដីពីនីតិវិធីសម្រាប់ការរៀបចំ ការធ្វើវិសោធនកម្ម និងការចាត់ទុកជានិរាករណ៍ចំពោះដីការបស់ក្រុមប្រឹក្សារាជធានី និងខេត្ត ស្រុក ក្រុង និងខណ្ឌ ត្រូវបានអនុម័ត។ ក្រុមប្រឹក្សានេះអាចរៀបចំដីកានេះបានដោយខ្លួនឯង។ ទោះបីជាយ៉ាងណា ដីកាត្រូវធានាឲ្យបាននូវការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសសស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។ ដីកាត្រូវតែឆ្លងកាត់ការត្រួតពិនិត្យឡើងវិញដោយគណៈអភិបាល និងបន្តាប់មកចែកជូនដល់សាធារណៈជនដើម្បីទទួលយកយោបល់។