ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 11 ធ្នូ 2024 12:00 am > ថ្ងៃ សុក្រ, 31 មករា 2025 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
អំពីគំនិតផ្តួចផ្តើមនេះ
ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី អង្គការមូលនិធិអាស៊ីកំពុងអនុវត្ត កម្មវិធីពន្លកចំណេះដំណាក់កាលទី ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ចន្លោះខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៧។ គោលដៅនៃកម្មវិធីពន្លកចំណេះដំណាក់កាលទី ២ គឺធានាថាការសម្រេចចិត្តលើគោលនយោបាយសាធារណៈ ដែលផ្អែកលើទិន្នន័យ និងការពិភាក្សាប្រកបដោយបរិយាបន្ន ត្រូវបានអនុវត្ត និងក្លាយជាបទដ្ឋានមួយនៅក្នុងប្រទេសកម្ពុជា។
កម្មវិធីពន្លកចំណេះដំណាក់កាលទី ២ ចាត់ទុក “ការពិភាក្សា“ ជាការផ្លាស់ប្តូរព័ត៌មាន គំនិត ឬមតិយោបល់រវាងភាគីនានាតាមរយៈពាក្យសម្តី ឬលាយលក្ខណ៍អក្សរ។ គោលដៅនៃការពិភាក្សាអាចមានចាប់ពីការស្វែងយល់ពីគ្នាទៅវិញទៅមក រហូតដល់ការស្វែងយល់ពីប្រធានបទនានា។ ការពិភាក្សាមានភាពបត់បែន និងមានប្រយោជន៍សម្រាប់ភាពច្បាស់លាស់ ការរៀនសូត្រ ឬការកសាងទំនាក់ទំនង។ ក្នុងបរិបទគោលនយោបាយ ការពិភាក្សាសំដៅលើការសន្ទនា ឬកិច្ចពិភាក្សាដែលមានរចនាសម្ព័ន្ធ និងគោលបំណងច្បាស់លាស់រវាងភាគីពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសាធារណជន ដើម្បីចែករំលែកចំណេះដឹង កំណត់រកវិធីដោះស្រាយបញ្ហា ឬឱកាសគោលនយោបាយជាក់លាក់ និងចុងក្រោយ ផ្តល់មូលដ្ឋានព័ត៌មានដល់ការអភិវឌ្ឍ ការអនុវត្ត ឬការកែសម្រួលគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា។ ទោះជាយ៉ាងណា មិនមែនការពិភាក្សាទាំងអស់សុទ្ធតែជំរុញការចូលរួម ឬរាប់បញ្ចូលភាគីពាក់ព័ន្ធទាំងអស់ប្រកបដោយអត្ថន័យនោះទេ។ នេះហើយជាផ្នែកដែលចាំបាច់ត្រូវមានការពិភាក្សាប្រកបដោយបរិយាបន្ន។
“ការពិភាក្សាប្រកបដោយបរិយាបន្ន“ ក្នុងបរិបទនៃកម្មវិធីពន្លកចំណេះដំណាក់កាលទី ២ ពាក់ព័ន្ធនឹងការលើកកម្ពស់ការពិភាក្សាដោយបើកចំហ និងមានការចូលរួមដោយអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងស្ត្រី ជនមានពិការភាព ជនជាតិភាគតិច និងក្រុមមានតំណាងតិចតួចផ្សេងទៀត។ ការពិភាក្សាប្រកបដោយបរិយាបន្នមានគោលបំណងធានាថា សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព និងរួមចំណែកយ៉ាងសកម្មដល់កិច្ចពិភាក្សាគោលនយោបាយ។ ការពិភាក្សាប្រកបដោយបរិយាបន្ន លើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តបែបសហការ និងការដាក់បញ្ចូលទស្សនៈផ្សេងៗទៅក្នុងដំណើរការគោលនយោបាយ។
ហេតុអ្វីអ្នកគួរចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ
ដោយទទួលស្គាល់សារៈសំខាន់នៃការពិភាក្សាប្រកបដោយបរិយាបន្ន កម្មវិធីពន្លកចំណេះដំណាក់កាលទី ២ បានផ្តួចផ្តើម ការប្រកាសទទួលពាក្យសម្រាប់ថវិកានវានុវត្តន៍កម្មវិធីពន្លកចំណេះ វគ្គទី ២ ដើម្បីគាំទ្រគំនិតច្នៃប្រឌិតដែលដោះស្រាយបញ្ហាគោលនយោបាយនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ តាមរយៈការពិភាក្សាប្រកបដោយបរិយាបន្ន។ ថវិកានវានុវត្តន៍ខិតខំដោះស្រាយបញ្ហាគោលនយោបាយខាងក្រោម (ប៉ុន្តែមិនកំណត់ត្រឹមគោលនយោបាយទាំងនេះឡើយ) តាមរយៈវិធីសាស្ត្រនៃការពិភាក្សាប្រកបដោយបរិយាបន្ន៖
- ភាពធន់នឹងការប្រែប្រួលអាកាសធាតុ
- បរិវត្តកម្មឌីជីថល
- ស្ថានភាព តម្រូវការ និងការទទួលបានសេវាសាធារណៈ
- ប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយផ្សេងទៀត ដែលមិនបានរៀបរាប់ខាងលើ។
ថវិកានវានុវត្តន៍លើកទឹកចិត្តឱ្យអង្គការ/ស្ថាប័ននានា សាកល្បង និងធ្វើតេស្តគំរូការពិភាក្សាផ្សេងៗ ដោយប្រើប្រាស់វិធីសាស្ត្របែបបរិយាបន្នដែលសមស្របទៅនឹងបរិបទកម្ពុជា។
លើសពីនេះ ដៃគូដែលបានជ្រើសរើសនឹងមានលទ្ធភាពចូលទៅកាន់បណ្តាញប្រព័ន្ធអេកូចំណេះដឹងកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ដៃគូនានានឹងអាចពង្រឹងបណ្តាញដែលមានស្រាប់របស់ពួកគេ និងបង្កើតបណ្តាញថ្មីតាមរយៈយន្តការបណ្តាញរបស់កម្មវិធីពន្លកចំណេះ។ តាមរយៈយន្តការទាំងនេះ ដៃគូនានានឹងអាចបង្កើនឱកាសរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូផ្សេងទៀត និងអ្នកបង្កើតគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការប្រកាសទទួលពាក្យ៖ ថវិកានវានុវត្តន៍កម្មវិធីពន្លកចំណេះវគ្គទី ២
ថវិកានវានុវត្តន៍កម្មវិធីពន្លកចំណេះវគ្គទី ២ គឺជាដំណើរការប្រកួតប្រជែងមួយសម្រាប់អង្គការ ស្ថាប័នក្នុងស្រុក ដើម្បីស្នើ និងសាកល្បងគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងឱកាស/បញ្ហាគោលនយោបាយដែលកំពុងលេចឡើងទាំងនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ តាមរយៈការពិភាក្សាប្រកបដោយបរិយាបន្ន។ ថវិកានវានុវត្តន៍វគ្គទី ២ នេះត្រូវបានរំពឹងថានឹងគាំទ្រដល់អង្គការ ស្ថាប័នក្នុងស្រុកពីបួនទៅប្រាំមួយ និងមានរយៈពេលពីប្រាំមួយខែដល់ដប់ពីរខែ។
* ចំណាំ៖
- ដៃគូកម្មវិធីពន្លកចំណេះបច្ចុប្បន្នអាចដាក់ពាក្យបាន។ ទោះជាយ៉ាងណា អាទិភាពនឹងផ្តល់ទៅឱ្យបេក្ខជនដែលបច្ចុប្បន្នមិនទទួលបានការគាំទ្រពីកម្មវិធីពន្លកចំណេះ។
- ការគាំទ្រថវិកាសម្រាប់គម្រោងនីមួយៗ គឺរហូតដល់ ២០,០០០ ដុល្លារអាមេរិក។
ការសម្រេចចិត្តដាក់ពាក្យ
ដើម្បីដាក់ពាក្យ បេក្ខជនត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមូលដ្ឋានទាំងអស់ខាងក្រោម។ ពាក្យស្នើសុំដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យមូលដ្ឋានទាំងពីរនឹងមិនត្រូវបានពិចារណាឡើយ។
លក្ខណៈវិនិច្ឆ័យមូលដ្ឋាន
- បេក្ខជនត្រូវតែជាអង្គការ/ស្ថាប័ននៅកម្ពុជា ជាពិសេសអង្គការ/ស្ថាប័នមិនចូលបក្សសម្ព័ន្ធ មិនស្វែងរកប្រាក់ចំណេញ ឬស្ថាប័នស្រាវជ្រាវតាមសាកលវិទ្យាល័យរដ្ឋ
- បេក្ខជនទាំងអស់ត្រូវតែបានចុះបញ្ជីជាផ្លូវការជាមួយរាជរដ្ឋាភិបាលកម្ពុជា
អង្គការ ស្ថាប័នដែលបំពេញបានយ៉ាងតិចលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យបន្ថែមខាងក្រោមនេះនឹងទទួលបានការពិចារណាជាអាទិភាព។
- យើងលើកទឹកចិត្តឱ្យមានការដាក់ពាក្យពីអង្គការតាមសហគមន៍ អង្គការតាមមូលដ្ឋាន អង្គការជនជាតិដើមភាគតិច ឬអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការដែលមានតំណាងតិចតួច។
- បេក្ខជនគួរមានបទពិសោធន៍ជាក់ស្តែង ក្នុងការរៀបចំការពិភាក្សាប្រកបដោយបរិយាបន្នទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬកម្រិតសហគមន៍។
- ពាក្យស្នើសុំត្រូវតែដាក់បញ្ចូលទស្សនទាននៃសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងសកម្មភាពពិភាក្សា
- អង្គការ ស្ថាប័នដែលមានការដឹកនាំ ឬការជ្រើសរើសបុគ្គលិកបែបបរិយាបន្ន ជាពិសេសពីក្នុងចំណោមក្រុមដែលមានតំណាងតិចតួច (ឧ. ស្ត្រី ជនមានពិការភាព សហគមន៍សស្រឡាញ់ភេទដូចគ្នា សហគមន៍ជនជាតិដើមភាគតិច)។
ប្រធានបទ ឬគំនិតដែលបានស្នើឡើងដែលបំពេញតាមវិធីសាស្ត្រខាងក្រោម នឹងទទួលបានការពិចារណាជាអាទិភាព។
- ការឆ្លើយតបនឹងគោលនយោបាយ៖ ប្រធានបទគួរតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងអាទិភាព និងការពិចារណាគោលនយោបាយបច្ចុប្បន្ន។
- បរិយាបន្ន៖ គំនិតផ្តួចផ្តើមត្រូវតែជំរុញការចូលរួម និងឆ្លុះបញ្ចាំងយ៉ាងសកម្មពីក្រុម និងទស្សនៈផ្សេងៗ។ ឧទាហរណ៍ គំនិតផ្តួចផ្តើមដែលអនុវត្តដោយក្រុមដែលមានតំណាងតិចតួច និងគំនិតផ្តួចផ្តើមដែលត្រូវបានអនុវត្តនៅក្នុងខេត្តដាច់ស្រយាល ទទួលបានការពិចារណាជាអាទិភាព។
- នវានុវត្តន៍៖ សំណើគួរតែបង្ហាញពីវិធីសាស្ត្រ និងគំរូថ្មីៗ ដើម្បីសាកល្បងការពិភាក្សាប្រកបដោយបរិយាបន្ន។
- កិច្ចសហការ៖ ដៃគូក្នុងការពិភាក្សាប្រកបដោយបរិយាបន្ន គួរសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗ ជាពិសេសស្ត្រី ជនមានពិការភាព ជនជាតិភាគតិច និងក្រុមដែលមានតំណាងតិចតួចផ្សេងទៀត នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរួមគ្នា។ អ្នកចូលរួម និងអ្នករៀបចំ ធ្វើការរួមគ្នាដើម្បីកំណត់រកបញ្ហា បង្កើតដំណោះស្រាយ និងសម្រេចចិត្តលើលទ្ធផល។
ដំណើរការដាក់ពាក្យ
ដើម្បីដាក់ពាក្យសុំថវិកានវានុវត្តន៍កម្មវិធីពន្លកចំណេះវគ្គទី ២ អង្គការ ស្ថាប័នដែលចាប់អារម្មណ៍នឹងត្រូវវាយតម្លៃលក្ខណៈសម្បត្តិរបស់ខ្លួនជាមុនសិន។ បន្ទាប់មកអង្គការ ស្ថាប័នទាំងនោះនឹងដាក់ស្នើលិខិតបង្ហាញពីចំណាប់អារម្មណ៍ ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យមូលដ្ឋានដែលបានរៀបរាប់ខាងលើ។ សូមមើលកាលវិភាគបង្ហាញខាងក្រោម។
ដំណាក់កាលទី ១៖ ការបង្ហាញពីចំណាប់អារម្មណ៍
- ការផ្សព្វផ្សាយការបង្ហាញពីចំណាប់អារម្មណ៍៖ ១១ ធ្នូ ២០២៤
- ការដាក់លិខិតបង្ហាញពីចំណាប់អារម្មណ៍ អមជាមួយទស្សនទានគម្រោង៖ ៣១ មករា ២០២៥
ដំណាក់កាលទី ២៖ ដំណើរការជ្រើសរើសបឋម
- ចម្រាញ់យកបេក្ខជនចំនួនប្រាំមួយ៖ ១-១៥ កុម្ភៈ ២០២៥
- ការបញ្ជូនឈ្មោះបេក្ខជនទាំង ៥ ដែលបានចម្រាញ់យក ជូនម្ចាស់ជំនួយដើម្បីធ្វើការចម្រាញ់យកចុងក្រោយ៖ ១៧-២១ កុម្ភៈ ២០២៥
- ជូនដំណឹងដល់បេក្ខជនដែលជាប់ជាស្ថាពរ ដោយអមភ្ជាប់ជាមួយនឹងលក្ខខណ្ឌ៖ ២៤-២៨ កុម្ភៈ ២០២៥
ដំណាក់កាលទី ៣៖ ការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ
- ដំណើរការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ៖ ៣ -៧ មីនា ២០២៥
ដំណាក់កាលទី ៤៖ ការជូនដំណឹងដល់អ្នកទទួលជំនួយដែលត្រូវបានជ្រើសរើស និងការផ្តល់មូលនិធិ
- អ្នកទទួលជំនួយបញ្ចប់ខ្លឹមសារសំណើ ថវិកា និងរយៈពេលអនុវត្តគម្រោង៖ ២៤ កុម្ភៈ -២១ មីនា ២០២៥
- កាលបរិច្ឆេទប៉ាន់ស្មានសម្រាប់កិច្ចព្រមព្រៀងគម្រោង៖ ២៤ -២៨ មីនា ២០២៥
ដំណាក់កាលទី ៥៖ ការអនុវត្តគម្រោង
- ការចាប់ផ្តើមអនុវត្តគម្រោង៖ ១ មេសា ២០២៥
ដំណាក់កាលទី១៖ ការបង្ហាញពីចំណាប់អារម្មណ៍
អង្គការ ស្ថាប័នដែលចាប់អារម្មណ៍ត្រូវដាក់លិខិតបង្ហាញពីចំណាប់អារម្មណ៍ខ្លីនៅត្រឹមម៉ោងធ្វើការ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ។ លិខិតបង្ហាញពីចំណាប់អារម្មណ៍ មិនត្រូវលើសប្រាំមួយទំព័រ ដោយមិនរាប់បញ្ចូលឧបសម្ព័ន្ធ ទាំងជាភាសាខ្មែរ ឬភាសាអង់គ្លេស និងរួមបញ្ចូល៖
- ការពណ៌នាអំពីអង្គការ ស្ថាប័ន (ឧ. បេសកកម្ម និងគោលដៅរបស់អង្គការ ស្ថាប័ន និងអាណត្តិ ឆ្នាំបង្កើត រចនាសម្ព័ន្ធ)
- ចំណុចផ្តោតសំខាន់ និងទីតាំងភូមិសាស្ត្រ
- ទស្សនទានគម្រោងដែលបានស្នើឡើង (២-៣ ទំព័រ)
- សមាជិកក្រុមដែលបានស្នើឡើង និងប្រវត្តិរូបសង្ខេបរបស់ពួកគេ
ដំណាក់កាលទី ២៖ ការជ្រើសរើសបឋម
កម្មវិធីនឹងវាយតម្លៃពាក្យស្នើសុំដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានគូសបញ្ជាក់ខាងលើ។ កម្មវិធីអាចផ្តល់យោបល់ត្រឡប់ដល់បេក្ខជននៅពេលត្រូវការព័ត៌មាន ឬការបញ្ជាក់បន្ថែម និងអនុញ្ញាតឱ្យពួកគេដាក់ពាក្យជាថ្មី។
តាមការរំពឹងទុក លទ្ធផលនៃបេក្ខជនដែលជាប់ជាស្ថាពរដោយអមភ្ជាប់ជាមួយនឹងលក្ខខណ្ឌ នឹងត្រូវប្រកាសនៅ ថ្ងៃទី២៤-២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លក្ខណៈវិនិច្ឆ័យខាងក្រោមនឹងត្រូវបានប្រើប្រាស់សម្រាប់ការវាយតម្លៃទស្សនទានគម្រោង និងការជ្រើសរើសបឋម៖
- បទពិសោធន៍ក្នុងការរៀបចំការពិភាក្សាប្រកបដោយបរិយាបន្ន
- គុណភាពនៃទស្សនទានគម្រោង
- ប្រធានបទដែលបានស្នើឡើង ប្រើប្រាស់វិធីសាស្ត្រប្រកបដោយបរិយាបន្ន និងនវានុវត្តន៍ដើម្បីដោះស្រាយភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន បរិវត្តកម្មឌីជីថល ស្ថានភាព តម្រូវការ និងការទទួលបានសេវាសាធារណៈ និងប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយផ្សេងទៀត
- អង្គការ ស្ថាប័នដែលមានអ្នកដឹកនាំ និង/ឬបុគ្គលិកមកពីក្រុមដែលមានតំណាងតិចតួច (ឧ. ស្ត្រី ជនមានពិការភាព សហគមន៍ស្រឡាញ់ភេទដូចគ្នា សហគមន៍ជួបការលំបាក។ល។)
- កម្រិតដែលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ត្រូវបានដាក់បញ្ចូលក្នុងប្រធានបទដែលបានស្នើឡើង។
- ការធានាបាននូវកិច្ចសហការពីក្រុមសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ឬសហគមន៍មូលដ្ចាន។
ដំណាក់កាលទី ៣៖ ការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ
បន្ទាប់ពីការជ្រើសរើសបឋម កម្មវិធីនឹងជូនដំណឹងដល់បេក្ខជនដែលជាប់ជាស្ថាពរដោយអមភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ដើម្បីបញ្ជាក់ពីឆន្ទៈរបស់ពួកគេក្នុងការចូលរួមការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវដោយអង្គការមូលនិធិអាស៊ី សម្រាប់ការបញ្ជាក់ចុងក្រោយលើស្ថានភាពនៃការជ្រើសរើសពួកគេរវាង ថ្ងៃទី ៣-៧ ខែមីនា ឆ្នាំ ២០២៥។ អង្គការមូលនិធិអាស៊ីនឹងអនុវត្តស្តង់ដារអប្បបរមានៃការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ ដើម្បីផ្តល់ឱកាសឱ្យអង្គការមូលដ្ឋាន និងតួអង្គផ្សេងទៀតបានចូលរួម។
ដំណាក់កាលទី ៤៖ ការជូនដំណឹងដល់អ្នកទទួលជំនួយដែលត្រូវបានជ្រើសរើស និងការផ្តល់ជំនួយ
អង្គការមូលនិធិអាស៊ីនឹងចាប់ផ្តើមផ្តល់មូលនិធិបន្ទាប់ពីការជ្រើសរើសអ្នកទទួលជំនួយត្រូវបានបញ្ចប់ ហើយទស្សនទានគម្រោង ថវិកា និងរយៈពេលជំនួយ ត្រូវបានបង្កើតឡើងសម្រាប់អ្នកទទួលជំនួយនីមួយៗ។ បន្ទាប់មកអង្គការមូលនិធិអាស៊ីនឹងចេញលិខិតផ្តល់ជំនួយទៅអ្នកទទួលជំនួយម្នាក់ៗ។ អ្នកទទួលជំនួយអាចចាប់ផ្តើមសកម្មភាពរបស់ពួកគេបាន លុះត្រាតែបន្ទាប់ពីអង្គការមូលនិធិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងថវិការរបស់ពួកគេ។ តាមការរំពឹងទុក មូលនិធិនឹងត្រូវបានផ្តល់ទៅឱ្យបេក្ខជនជ័យលាភី នៅចុងខែមេសា។
សូមចុចតំណភ្ជាប់នេះសម្រាប់ ទម្រង់ស្នើសុំ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- អង្គការមូលនិធិអាស៊ី ផ្ទះលេខ ៥៩ ផ្លូវឧកញ៉ាពេជ្រ (ផ្លូវ ២៤២)
- រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- អ៊ីមែល៖ ponlokchomnes@asiafoundation.org
- ទូរស័ព្ទ៖ +៨៥៥ (០)២៣ ២១០ ៤៣១