ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 11 ធ្នូ 2024 12:00 am > ថ្ងៃ សុក្រ, 31 មករា 2025 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
សេចក្តីផ្តើម
កម្មវិធីពន្លកចំណេះដំណាក់កាលទី ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមរយៈពេលបួនឆ្នាំដែលទទួលបានជំនួយមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧។ គោលបំណងចម្បងរបស់កម្មវិធីនេះគឺដើម្បីលើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃការធ្វើសេចក្តីសម្រេចលើគោលនយោបាយសាធារណៈដោយរាជរដ្ឋាភិបាលកម្ពុជា។
ដោយឈរលើជោគជ័យនៃកម្មវិធីពន្លកចំណេះដំណាក់កាលទី ១ (២០១៩-២០២៣) ដែលមានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសិក្សាស្រាវជ្រាវនៅកម្ពុជា ក្នុងការផលិតការស្រាវជ្រាវដែលផ្តល់មូលដ្ឋានជាព័ត៌មានដល់ការតាក់តែងគោលនយោបាយសាធារណៈ កម្មវិធីពន្លកចំណេះដំណាក់កាលទី ២ (២០២៣-២០២៧) ខិតខំធានាថា ការធ្វើសេចក្តីសម្រេចទាំងនេះផ្អែកលើទិន្នន័យ និងការពិភាក្សាប្រកបដោយបរិយាបន្ន។ កម្មវិធីនេះ ផ្តោតលើសារៈសំខាន់នៃការផ្តល់ព័ត៌មានដែលមានគុណភាពខ្ពស់ដល់អ្នកតាក់តែងគោលនយោបាយកម្ពុជាដើម្បីគាំទ្រដល់ដំណើរការនេះ។ កម្មវិធីពន្លកចំណេះដំណាក់កាលទី ២ មានបំណងសម្រេចបានការទទួលយក និងការវាយតម្លៃខ្ពស់ក្នុងចំណោមអ្នកតាក់តែងគោលនយោបាយ និងភាគីពាក់ព័ន្ធ នូវការពិភាក្សាប្រកបដោយបរិយាបន្ន និងការធ្វើសេចក្តីសម្រេចផ្អែកលើទិន្នន័យ ដោយធ្វើឱ្យការអនុវត្តទាំងនេះក្លាយជាបទដ្ឋានមួយនៅកម្ពុជា។
ក្នុងការលើកកម្ពស់បរិយាបន្នក្នុងដំណើរការតាក់តែងគោលនយោបាយ កម្មវិធីពន្លកចំណេះកំពុងរៀបចំកម្មវិធីពិធីពានរង្វាន់បរិយាបន្ន ដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដែលលើកកម្ពស់ ការស្រាវជ្រាវប្រកបដោយបរិយាបន្ន ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្ន និង ការពិភាក្សាប្រកបដោយបរិយាបន្ន ក្នុងវិស័យស្រាវជ្រាវនៅកម្ពុជា។ ពានរង្វាន់ទាំងនេះនឹងផ្តល់កិត្តិយសដល់បុគ្គល អង្គការ និងស្ថាប័នដែលបានបង្ហាញការប្តេជ្ញាចិត្តជាពិសេសចំពោះបរិយាបន្ន តាមរយៈការទទួលស្គាល់ និងការដោះស្រាយតម្រូវការរបស់ក្រុមផ្សេងៗ និងការលើកកម្ពស់សមធម៌ ការបង្កលក្ខណៈងាយស្រួល និងការចូលរួមប្រកបដោយអត្ថន័យរបស់ក្រុមផ្សេងៗ។
គោលបំណងនៃពានរង្វាន់ទាំងនេះ
ការប្រគល់ពានរង្វាន់ទាំងនេះគឺដើម្បីទទួលស្គាល់ និងលើកទឹកចិត្តការងារដែលបង្ហាញពីបរិយាបន្ន តាមរយៈការស្រាវជ្រាវប្រកបដោយនវានុវត្តន៍ លទ្ធផលស្រាវជ្រាវដែលអាចចូលប្រើប្រាស់បាន និងប្រកបដោយបរិយាបន្ន ឬការពិភាក្សាដែលដោះស្រាយតម្រូវការ និងទស្សនៈយល់ឃើញរបស់ក្រុមផ្សេងៗ ក្នុងដំណើរការគោលនយោបាយនៅថ្នាក់ក្រោមជាតិ ឬថ្នាក់ជាតិ។ ពានរង្វាន់ទាំងនេះមានគោលបំណង៖
- បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាពិសេសដែលលើកកម្ពស់បរិយាបន្ន និងការបង្កលក្ខណៈងាយស្រួល។
- បំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃឱ្យដាក់បញ្ចូលបរិយាបន្នទៅក្នុងការងាររបស់ពួកគេ។
- ផ្តល់វេទិកាសម្រាប់ចែករំលែកការអនុវត្តល្អបំផុតក្នុងការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។
ប្រភេទពានរង្វាន់
ពានរង្វាន់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន
ពានរង្វាន់នេះផ្តល់កិត្តិយសដល់អ្នកស្រាវជ្រាវ និងអង្គការស្រាវជ្រាវ ដែលផ្តោតអាទិភាពលើបរិយាបន្នក្នុងវិធីសាស្ត្រ ចំណុចផ្តោតសំខាន់ និងអភិក្រមបែបសហការរបស់ពួកគេលើសពីប្រធានបទស្រាវជ្រាវ។ ការដាក់បេក្ខភាពគួរតែបង្ហាញពីគំនិតផ្តួចផ្តើមស្រាវជ្រាវ ដែលបានដាក់បញ្ចូលការអនុវត្តបែបបរិយាបន្នយ៉ាងច្បាស់លាស់ ដោះស្រាយក្រុមដែលងាយរងគ្រោះ លើកកម្ពស់ការបង្កលក្ខណៈងាយស្រួល និងបង្កើតលទ្ធផលចំណេះដឹងដែលអាចអនុវត្តបានសម្រាប់បម្រើជាប្រយោជន៍ដល់សហគមន៍ផ្សេងៗ។
ពានរង្វាន់ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្ន
ពានរង្វាន់នេះទទួលស្គាល់វិធីសាស្រ្តផ្សព្វផ្សាយផ្សេងៗសម្រាប់ការស្រាវជ្រាវ ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យមនុស្សគ្រប់រូបអាចចូលប្រើប្រាស់បាន រួមទាំងជនមានពិការភាព និងបុគ្គលដែលមានសាវតារវប្បធម៌ ឬភាសាផ្សេងៗគ្នា។ ផលិតផលដែលមានលក្ខណៈសម្បត្តិ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែ របាយការណ៍ស្រាវជ្រាវ អត្ថបទសង្ខេបគោលនយោបាយ ក្រាហ្វិកព័ត៌មាន ឯកសារការងារ វីដេអូ និងសេចក្តីអត្ថាធិប្បាយ នោះទេ។ បេក្ខជនគួរតែបង្ហាញពីរបៀបដែលលទ្ធផលស្រាវជ្រាវរបស់ពួកគេលុបបំបាត់ឧបសគ្គរារាំងការយល់ដឹង ការចូលរួម និងលទ្ធភាពទទួលបាន។
ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្ន
ពានរង្វាន់នេះផ្តល់ជូនបុគ្គល ឬអង្គការដែលសម្របសម្រួលការពិភាក្សា និងកិច្ចសន្ទនាដែលមានគោលបំណងបង្រួមគម្លាត និងលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់ក្រុមចម្រុះដើម្បីច្បាមយកទស្សនៈផ្សេងៗ។ បេក្ខជនគួរតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងការគោរព ដែលសំឡេងផ្សេងៗត្រូវបានស្តាប់ និងឱ្យតម្លៃ។ នេះអាចរួមបញ្ចូលវេទិកា កិច្ចប្រជុំសហគមន៍ ការពិគ្រោះយោបល់ និងសិក្ខាសាលាដែលលើកកម្ពស់ការចូលរួម និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។
លក្ខណៈវិនិច្ឆ័យសិទ្ធិចូលរួម
បេក្ខភាពនីមួយៗគួរតែ៖
- បង្ហាញលទ្ធផលជាវិជ្ជមានដែលអាចវាស់វែងបានក្នុងការជំរុញបរិយាបន្នក្នុងវិស័យរបស់ពួកគេ។
- ផ្តល់ឧទាហរណ៍ជាក់លាស់អំពីការងាររបស់ពួកគេ និងវិធីសាស្រ្តបែបបរិយាបន្ននៃការងារនោះ។
- ជាបុគ្គល អង្គការ ឬស្ថាប័ន។
- ជាពលរដ្ឋខ្មែរ អង្គការ ឬស្ថាប័នក្នុងស្រុក។
- ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ គ្រឹះស្ថានឯកជន គ្រឹះស្ថានសហគ្រាសសង្គម ឬស្ថាប័នសាធារណៈ។
ដំណើរការជ្រើសរើស
ក្រុមអ្នកជំនាញឯករាជ្យ និងចម្រុះ នឹងពិនិត្យការដាក់បេក្ខភាពទាំងអស់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
ពានរង្វាន់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន
-
- ការអនុវត្តការស្រាវជ្រាវប្រកបដោយបរិយាបន្ន៖ វាយតម្លៃថាតើការស្រាវជ្រាវដាក់បញ្ចូលវិធីសាស្ត្របែបបរិយាបន្ន និងពិចារណាលើទស្សនៈផ្សេងៗបានល្អកម្រិតណា។
- វិសាលភាពនៃចំណុចផ្តោតក្នុងការស្រាវជ្រាវ៖ វាយតម្លៃកម្រិតដែលការស្រាវជ្រាវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសហគមន៍ដែលងាយរងគ្រោះ។
- លទ្ធភាពទទួលបានលទ្ធផលរកឃើញ៖ វាយតម្លៃលទ្ធភាពរបស់ក្រុមគោលដៅផ្សេងៗក្នុងការទទួលបានលទ្ធផលរកឃើញពីការស្រាវជ្រាវ។
ពានរង្វាន់ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្ន
-
- ការបង្កលក្ខណៈងាយស្រួល និងភាពអាចប្រើប្រាស់បាន៖ វាយតម្លៃកម្រិតនៃការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងបរិយាបន្នសម្រាប់ក្រុមងាយរងគ្រោះដទៃទៀត។
- ភាពច្បាស់លាស់នៃខ្លឹមសារ និងការរចនា៖ វាយតម្លៃភាពច្បាស់លាស់នៃការរចនា និងប្រសិទ្ធភាពក្នុងការកាត់បន្ថយឧបសគ្គរារាំងការយល់ដឹងរបស់ក្រុមចម្រុះដទៃទៀត។
- ការគ្របដណ្តប់ដល់ និងការជំរុញការចូលរួម៖ វាស់វែងការគ្របដណ្តប់ដល់ដែលបានបង្ហាញ ឬអាចស្តែងឱ្យឃើញ និងកម្រិតនៃការជំរុញការចូលរួមជាមួយក្រុមផ្សេងៗ។
ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្ន
-
- ការបង្កើតបរិយាកាសបែបបរិយាបន្ន៖ វាយតម្លៃប្រសិទ្ធភាពរបស់បេក្ខជនក្នុងការលើកកម្ពស់បរិយាកាសដែលមានសុវត្ថិភាព និងបរិយាបន្នសម្រាប់ការពិភាក្សា។
- ភាពចម្រុះនៃសំឡេង៖ វាយតម្លៃកម្រិតដែលទស្សនៈផ្សេងៗគ្នាត្រូវបានដាក់បញ្ចូល និងឱ្យតម្លៃ។
- ការចូលរួមប្រកបដោយអត្ថន័យ៖ វាយតម្លៃកម្រិតនៃការចូលរួមក្នុងការដោះស្រាយគម្លាតនៃឥទ្ធិពលរបស់អ្នកចូលរួម និងលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់ក្រុមផ្សេងៗក្នុងការពិភាក្សា ទាំងក្នុងនាមជាវាគ្មិន និងអ្នកចូលរួម។
ដំណើរការដាក់បេក្ខភាព និងការជ្រើសរើស
- ការប្រកាសស្វែងរកបេក្ខភាព៖ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
- លក្ខខណ្ឌចូលរួម៖ សូមផ្ញើ ទម្រង់ដាក់បេក្ខភាព ឬ វីដេអូ មកកាន់កម្មវិធីពន្លកចំណេះ ដោយបញ្ចូលសេចក្តីសង្ខេបនៃសមិទ្ធផលរបស់បេក្ខជន និងផ្តល់ឯកសារគាំទ្រផ្សេងៗ ដូចជា វីដេអូសក្ខីកម្ម ភស្តុតាងនៃការសម្រេចបានលទ្ធផលផ្លែផ្កា ឬគំរូនៃការងារ ជាដើម។
- ដំណើរការជ្រើសរើសបឋម និងវិនិច្ឆ័យ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
- ពិធីប្រគល់ពានរង្វាន់បរិយាបន្ន៖ នឹងរៀបចំឡើងនៅចុងខែមីនា ឆ្នាំ២០២៥
ពិធីប្រគល់ពានរង្វាន់បរិយាបន្ន
អ្នកឈ្នះពានរង្វាន់នឹងត្រូវបានប្រកាស និងអបអរសាទរក្នុងពិធីប្រគល់ពានរង្វាន់បរិយាបន្ន ដែលនឹងប្រារព្ធឡើងដើម្បីលើកកម្ពស់បរិយាបន្ន និងការចែករំលែកដំណើររឿងដែលបំផុសគំនិតនានា។ អ្នកឈ្នះពានរង្វាន់នឹងមានឱកាសបង្ហាញការងាររបស់ពួកគេដល់ទស្សនិកជនដែលជាមិត្តភក្តិ អ្នកដឹកនាំ និងភាគីពាក់ព័ន្ធ ដើម្បីលើកស្ទួយការទទួលស្គាល់ និងឥទ្ធិពលកាន់តែទូលំទូលាយនៃការរួមចំណែករបស់ពួកគេ។
សូមចុចតំណភ្ជាប់នេះសម្រាប់ ទម្រង់ដាក់បេក្ខភាពសម្រាប់ពានរង្វាន់បរិយាបន្ន
សម្រាប់ព័ត៌មានលម្អិតបន្ថែម និងទម្រង់ដាក់បេក្ខភាព សូមចូលទៅកាន់គេហទំព័ររបស់យើង ឬទាក់ទងក្រុមការងាររបស់យើង តាមរយៈអ៊ីមែល ponlok.chomnes@asiafoundation.org ឬទូរសព្ទលេខ 092 168 543។