ព្រឹត្តិការណ៍ចុងក្រោយ

សមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ នៅសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 2 ធ្នូ 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ 2024 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ប្រទេសអូស្ត្រាលី

សមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ នៅសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤

នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២៤ សមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ បានធ្វើការចែករំលែកពីគំហើញនៃការស្រាវជ្រាវទៅលើប្រធានបទផ្សេងៗទាក់ទងនឹងកម្ពុជា ប្រកបដោយភាពជោគជ័យ នៅឯសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤។ បទបង្ហាញទាំងនោះ មានគោលបំណងស្វែងយល់ពីបរិបទថ្មីៗ បញ្ហាប្រឈម និងការអនុវត្តល្អបំផុតក្នុងការអភិវឌ្ឍ និងជំនួយអន្តរជាតិ ដែលជំរុញការតភ្ជាប់ជាមួយអ្នកស្រាវជ្រាវ អង្គការ និងមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីកំណត់ពីឱកាសសហការដែលមានសក្តានុពលផ្សេងៗ។ 

សមាជិក​ចំនួន ០៣ រូប មកពីបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ ដែលបានធ្វើបទបង្ហាញនៅឯសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤រួមមាន៖ 

  • លោកស្រី សន សុផានី៖ការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំតាមរយៈជំនួយអភិវឌ្ឍន៍៖ ទិន្នន័យពីសមាជិកក្រុមប្រឹក្សាស្ត្រី និងមន្ត្រីរាជការស្ត្រីនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា”  
  • កញ្ញា ប៊ុន ភូរី៖​ការផ្សាភ្ជាប់គម្លាតព័ត៌មាន៖ ដោះស្រាយការបែងចែកព័ត៌មានសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា”  
  • លោកស្រី យូ សៅកែវខន្តី​​ការសិក្សាវិធីសាស្រ្តចម្រុះស្តីពីការចូលរួមរបស់ស្ត្រីក្នុងវិស័យអប់រំស្ទែម​ (STEM) ក្រោយមធ្យមសិក្សា និងអាជីពក្នុងប្រទេសកម្ពុជា។”  

បទបង្ហាញខាងលើបានផ្តល់ចំណេះដឹងប្រកបទៅដោយអត្ថន័យទៅលើប្រធានបទដែលទាក់ទងនឹងប្រទេសកម្ពុជា និងផ្តល់ឱកាសសិក្សា សម្រាប់អ្នកចូលរួមនៅប្រទេសអូស្ត្រាលី។ 

សមិទ្ធិផល និងលទ្ធផលដែលទទួលបានពីការចូលរួម៖ 

  • ការមើលឃើញការស្រាវជ្រាវនៅកម្ពុជាត្រូវបានពង្រឹងតាមរយៈការធ្វើបទបង្ហាញនៅលើវេទិកាអន្តរជាតិ។ 
  • បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ​ទទួលបានទំនាក់ទំនងកាន់តែច្រើនជាមួយអ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងស្ថាប័ននានាដែលមកពីបណ្តាប្រទេសនានា 
  • ការពង្រីកបណ្តាញ និងការសហការគ្នាជាមួយសាកលវិទ្យាល័យអូស្ត្រាលី ដូចជាសាកលវិទ្យាល័យ Charles Sturt និងសាកលវិទ្យាល័យ Canberra បានចាប់ផ្តើមហើយ។ 
  • ការស្វែងយល់ពីការអនុវត្តស្រាវជ្រាវអន្តរជាតិ ត្រូវបានទទួល និងរួមចំណែកដល់ការកែលម្អការងារស្រាវជ្រាវរបស់សមាជិក។ 

សមាជិកទាំងបីរូប នៃបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ នឹងចែករំលែកចំណេះដឹងសំខាន់ៗនេះ​​ នៅក្នុងបណ្តាញ និងជាមួយសហការីនៅស្ថាប័នរៀងៗខ្លួន។ ការផ្លាស់ប្តូរចំណេះដឹងនេះ នឹងបន្តជំរុញការស្វែងរកកិច្ចសហការអន្តរជាតិថ្មីៗ និងបំផុសគំនិតច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍគម្រោង និងផែនការសកម្មភាព ដែលជំរុញបន្ថែមទៀតនូវការសម្រេចគោលដៅរបស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ 

យើងខ្ញុំមានសេចក្តីរីករាយ និងទន្ទឹមរង់ចាំសមិទ្ធិផលដែលពួកគាត់នឹងចែករំលែកដល់សមាជិកបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ!

ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កម្មវិធីពន្លកចំណេះមានគោលបំណង បង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបាយ។ 

បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network)​​ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)