ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 24 មេសា 2026
- ម៉ោង៖ 8:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Kampong Cham
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ សហការជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងក្រុមប្រឹក្សាឃុំ បានរៀបចំវេទិកាបរិយាបន្នថ្នាក់ឃុំនៅសាលាឆទាន ក្នុងឃុំសូរគង ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមជាង ៥០នាក់ រួមមាន ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ។
វេទិកានេះបានបង្កើតជាឱកាសមួយសម្រាប់សមាជិកសហគមន៍ ដើម្បីចែករំលែកដោយបើកចំហអំពីការ បារម្ភ និងអាទិភាព ក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាសាធារណៈ។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មឌីជីថល ការទទួលបានសេវាសាធារណៈ និងបញ្ហាបរិស្ថាននិងសង្គម។
អ្នកចូលរួមទាំងអស់មានឱកាស ក្នុងការស្វែងយល់បន្ថែមអំពីសេវាសាធារណៈ និងសិទ្ធិរបស់ពួកគេ ខណៈដែលអាជ្ញាធរមូលដ្ឋានបានចែករំលែកព័ត៌មានអំពីការងារ និងការប្តេជ្ញាចិត្តរបស់ខ្លួន។
ប្រជាពលរដ្ឋបានលើកឡើងអំពីការបារម្ភរបស់ខ្លួន ដូចជា បញ្ហាប្រឈមទាក់ទងនឹងការធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសមធម៌ ឡើងវិញ ព្រមទាំងសកម្មភាពនេសាទខុសច្បាប់។ អាជ្ញាធរមូលដ្ឋានបានប្តេជ្ញាជួយគាំទ្រដល់ដំណើរការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ និងពង្រឹងការយល់ដឹង ព្រមទាំងការអនុវត្តនៅក្នុងសហគមន៍។
វេទិកានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញការចូលរួមប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីការអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរឡើង។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមប្រកបដោយអត្ថន័យរបស់សហគមន៍។
