Latest events

សុវត្ថិភាពចរាចរណ៍តាមដងផ្លូវសម្រាប់កម្មកររោងចក្រ
  • Date: ថ្ងៃ សុក្រ, 22 មិថុនា 2018
  • Time: 6:00 pm > 7:00 pm
  • Attending: 0
  • Location: ភ្នំពេញ

ជម្រាបសួរ!

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាចូលរួមកម្មវិធីនាល្ងាចនេះនៅអង្គការមូលនិធិអាស៊ី។​ មុននឹងវាគ្មិនយើងចាប់ផ្តើមធ្វើបទបង្ហាញ ខ្ញុំបាទសូម    ផ្តល់ព័ត៌មានមួយចំនួនទាក់ទងនឹងប្រធានបទនេះ។

ជារៀងរាល់ថ្ងៃ កម្មករកម្មការិនីរោងចក្ររាប់សែននាក់ បានធ្វើដំណើរពីផ្ទះទៅកាន់រោងចក្រ។ ការធ្វើដំណើរតាមដងផ្លូវអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងបង្កើតគោលនយោបាយជាតិស្តីពីសុវត្ថិភាពតាមដងផ្លូវ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មកររោងចក្រ។ គោលនយោបាយនេះនឹងផ្តោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តនិយោជក និងអ្នកបើកបរឱ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាពធ្វើដំណើរ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់រថយន្តចំនួន១២ គ្រឿងទៅឱ្យអង្គការចំនួនពីរ ដើម្បីដឹកជញ្ជូនកម្មកររោងចក្រនៅក្នុងខេត្តស្វាយរៀងអាចធ្វើដំណើរទៅធ្វើការប្រកបដោយសុវត្ថិភាព។ រថយន្តទាំងនោះបំពាក់ដោយកៅអីអង្គុយ និងបិទជិត ដែលមានសុវត្ថិភាពជាងរថយន្តបើកដំបូលដែលកម្មករជិះជារៀងរាល់ថ្ងៃ។

កាលពីដើមខែមិថុនា​ កម្មកររោងចក្រប្រហែល ២៥នាក់ ក្នុងចំណោម ៣០នាក់ បានរងរបួសដោយ សារគ្រោះថា្នក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺ។ គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន​ ៣៥៣១ ​ករណី ដែលបានសម្លាប់មនុស្សចំនួន ១៨០០នាក់។ ដោយឡែក ១៦៩១ ករណី បានកើតឡើងចំពោះកម្មកររោងចក្រ ដែលបានធ្វើឱ្យបាត់ជីវិតកម្មករចំនួន ៣៣នាក់ និងរបួស ២១៩៣​នាក់។ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨ កម្មករប្រហែល ៦៩៨នាក់ បានរងរបួស និង១០នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ ចំនួននេះបានកាត់បន្ថយគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុនៗ។ មូលហេតុនៃគ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារតែការបើកបរ ហួសល្បឿនកំណត់ យានយន្តខុសបច្ចេកទេស និងការដឹកលើសចំណុះ។

ល្ងាចនេះ អង្គការមូលនិធិអាស៊ីមានកិត្តិយស ដែលបានរៀបចំកម្មវិធីបាឋកថាមួយនេះ ដោយមានការចូលរួមពីតំណាងមកពីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអង្គការមូលនិធិ AIP​ ដើម្បីចែករំលែកព័ត៌មានដែលស្ថាប័ននីមួយៗបានអនុវត្តកន្លងមក។

សូមចូលរួមជាមួយយើងស្វាគមន៍៖

  • លោកជំទាវ មឹន មាណវី​ ជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោកជំទាវនឹងចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងកម្មកររោងចក្រ។
  • លោក គីម បញ្ញា នាយកអង្គការមូលនិធិបង្ការបួសអាស៊ី AIP ប្រចាំកម្ពុជា។ លោកនឹងបង្ហាញអំពីកិច្ចការដែលអង្គការ AIP សម្រេចបានកន្លងមកនៅកម្ពុជា។

សូមបញ្ជាក់ថា៖ ទស្សនៈដែលលើកឡើងនៅក្នុងបាឋកថានេះគឺជារបស់វាគ្មិន និងមិនបានបង្ហាញពីការយល់ឃើញរបស់អង្គការមូលនិធិអាស៊ីនោះទេ។ យើងសង្ឃឹមថា ការពិភាក្សានេះនឹងធ្វើឡើងដោយសេរី និងបើកទូលាយ។ ដូច្នេះ សូមមេត្តាកុំដកស្រង់ពាក្យសម្តី ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗចេញពីការពិភាក្សាខាងលើ។ ប្រសិនបើលោកអ្នកមានបំណងដកស្រង់ ឬផ្សព្វផ្សាយ សូមទាក់ទងវាគ្មិនក្នុងនាមជាឯកជន ហើយនោះជាសិទ្ធិរបស់វាគ្មិនក្នុងការផ្តល់ ឬមិនផ្តល់បទសម្ភាសន៍។