Latest events

ពិធីសម្ពោធកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា – ដំណាក់កាលទី២
  • Date: ថ្ងៃ ពុធ, 15 វិច្ឆិកា 2023
  • Time: 8:30 am > 11:30 am
  • Attending: 0
  • Location: ភ្នំពេញ

ថ្ងៃនេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា និងអង្គការមូលនិធិអាស៊ី បានសម្ពោធកម្មវិធីពន្លកចំណេះដំណាក់កាលទី២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា។

កម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជាដំណាក់កាលទី២ (ឆ្នាំ២០២៣-២០២៧) មានគោលបំណងគាំទ្រដល់ដំណើរការតាក់តែងគោលនយោបាយសាធារណៈតាមរយៈការធ្វើសេចក្ដីសម្រេចគោលនយោបាយដោយផ្អែកលើភស្តុតាង និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន។ នេះជាដំណាក់កាលទី២នៃកម្មវិធី ដែលបានកសាងសមត្ថភាពរបស់ស្ថាប័នស្រាវជ្រាវនៅប្រទេសកម្ពុជា ក្នុងការធ្វើការស្រាវជ្រាវប្រកបដោយគុណភាព និងរួមចំណែកក្នុងការផ្ដល់អនុសាសន៍ផ្នែកគោលនយោបាយ។

ក្នុងពិធីសម្ពោធកម្មវិធីនេះ ក៏មានការចូលរួមពីតំណាងមកពីខាងស្ថាប័នរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិលនានា។

ឯកឧត្ដម ចាស្ទីន វ៉ាយអេត ឯកអគ្គទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អូស្រ្តាលីមានមោទនភាពដែលបានធ្វើជាដៃគូជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ កម្មវិធីពន្លកចំណេះ នឹងជួយគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ តាមរយៈការរៀបចំគោលនយោបាយដោយផ្អែកលើទិន្នន័យ”។

លោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីពន្លកចំណេះ នៅក្នុងដំណាក់កាលទី២នេះ មានគោលបំណងឆ្លើយតបនឹងឱកាសដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា ដូចជាការពង្រឹងវេទិកាសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន និងការរួមចំណែកក្នុងការបង្កើនភស្តុតាងសម្រាប់រៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន និងតម្រូវការចំណេះដឹងពីប្រភពមូលដ្ឋាន។ កម្មវិធីនេះនឹងចូលរួមកសាងទំនុកចិត្ត តួអង្គគោលនយោបាយមកពីគ្រប់ស្ថាប័ន ក្នុងដំណើរការរៀបចំគោលនយោបាយ រួមមាន ស្ថាប័នរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នអប់រំ អ្នកជំនាញស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានជាដើម”។

នៅដំណាក់កាលទី២របស់កម្មវិធីនេះ ក៏នឹងផ្ដល់ឱកាសថ្មីៗដល់អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវដែលកំពុងស្វែងរកមូលនិធិសម្រាប់គាំទ្រដល់ការស្រាវជ្រាវផងដែរ។ ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលនានា អាចដាក់ពាក្យស្នើសុំមូលនិធិស្រាវជ្រាវ (Innovation Fund) សម្រាប់គាំទ្រការស្រាវជ្រាវប្រកបដោយបរិយាបន្ន និង ការពិភាក្សាពីគោលនយោបាយនៅកម្ពុជា។ រាល់ព័ត៌មានលម្អិត និងដំណើរការការដាក់ពាក្យស្នើសុំ អាចស្វែងរកបាននៅលើគេហទំព័រពន្លកចំណេះនៅ www.policypulse.org

ទំនាក់ទំនងព័ត៌មាន៖ Media.Cambodia@dfat.gov.au