ការបង្កើតអនុគណៈកម្មការសោតទស្សន៍

បន្ទាប់ពីគណៈកម្មការ ការងារសោតទស្សន៍ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ៣០២ ព.ម សសរ ចុះថ្ងៃទី ០៥​ ឧសភា ឆ្នាំ២០១៥មក គណៈកម្មការនេះបានសម្រេចបង្កើតអនុគណៈកម្មការជំនាញចំនួន៤ចំណុះឱ្យគណៈកម្មការ ការងារសោតទស្សន៍ តាមសេចក្តីសម្រេចលេខ ៣៩៣ ព.ម សសរ ចុះថ្ងៃទី ០១ តុលា ឆ្នាំ២០១៥ និងសេចក្តីសម្រេចលេខ ២៧០ ព.ម សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦​ មានដូចខាងក្រោម៖ ១. អនុគណៈកម្មការ ការងារទូទស្សន៍ ២. អនុគណៈកម្មការ ការងារវិទ្យុ FM ៣. អនុគណៈកម្មការ ការងារសារពត៌មានបោះពុម្ពផ្សាយ ៤. អនុគណៈកម្មការ ការងារសារព័ត៌មានផ្សព្វផ្សាយតាមគេហទំព័រ​ ភារកិច្ចរបស់អនុគណៈកម្មការទាំងបួន គឺដើម្បីអនុវត្តមាត្រា២ នៃសេចក្តីសម្រេច ២០៣ ដែលបានបញ្ជាក់ថាភារកិច្ចរបស់គណៈកម្មការនេះ គឺដើម្បីធ្វើការសិក្សាអំពីការងារផ្សព្វផ្សាយ ដើម្បីមានសិទ្ធិតែងតាំងក្រុមការងារ ដើម្បីឱ្យមានសិទ្ធិអញ្ជើញមន្ត្រីនៅក្រសួងនិង ភាគីពាក់ព័ន្ធឯកជនដើម្បីផ្តល់យោបល់លើការងារជាពិសេសនៅលើការងារ៖ បញ្ជាក់ ទទួលយក និងការពិនិត្យឡើងវិញនូវសំណើរបស់សាធារណជននៅលើប្រព័ន្ធផ្សព្វផ្សាយដែលរួមមានវិទ្យុនិងទូរទស្សន៍ ផ្តល់សំណើ និងសម្រុះសម្រួលការខ្វែងគំនិតគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនណាមួយ, និងរវាងប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយ។

គោលនយោបាយ ការពារ និងការអភិវឌ្ឍន៍កុមារ

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ គោលនយោបាយការពារ និងការអភិវឌ្ឍន៍កុមារ​ ត្រូវបានប្រកាសជាផ្លូវការដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអនុវត្តគោលនយោបាយនេះអោយមានប្រសិទ្ឋិភាព រដ្ឋាភិបាលបានរៀបចំអនុក្រឹត្យស្តីពីការតែងតាំងសមាជិកគណៈកម្មាធិការការពារ និងអភិវឌ្ឍន៍កុមារ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៤។ ដោយផ្អែកទៅលើអនុក្រឹត្យនេះ ក្រសួងព័ត៌មាន បានស្នើអោយគណៈកម្មាធិការការពារ និងអភិវឌ្ឍន៍កុមារ សម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសការពារ និងអភិវឌ្ឍកុមារ ដើម្បីអនុវត្តគោលនយោបាយការពារ និងអភិវឌ្ឍន៍កុមារ របស់រដ្ឋាភិបាលលើវិស័យព័ត៌មាន។ ការអនុវត្តគោលនយោបាយការពារ និងអភិវឌ្ឍន៍កុមារ ដោយក្រសួងព័ត៌មាន បាននាំទៅដល់ការផលិតកម្មវិធីផ្សាយ «ស្រលាញ់កូនរបស់អ្នក»។

វិទ្យុជាតិ

វិទ្យុជាតិត្រូវបានគេចាក់ផ្សាយតាមអ៊ីនធើណែត តាមរយៈទំព័រ (www.rnk.gov.kh)និង DTV ប៉ុស្ដិ៍លេខ ៨៥។

ការធ្វើសេចក្តីព្រាងច្បាប់នៃ«សិទ្ធិទទួលបានព័ត៌មាន»

ក្រសួងព័ត៌មាន បានបង្កើតអនុគណៈកម្មការចំនួនបីដើម្បីដំណើរការតាក់តែងច្បាប់ស្តីពី «សិទ្ធិទទួលបានព័ត៌មាន»។ អនុគណៈកម្មការទាំងបីនោះកំពុងធ្វើការសិក្សាលើច្បាប់ និងឯកសារនានា ទាំងច្បាប់នៅក្នុងប្រទេស និងច្បាប់បរទេស ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការតាក់តែងមាត្រា និងជំពូក របស់សេចក្តីព្រៀងច្បាប់នេះ។ រហូតមកដល់ពេលថ្មីៗនេះ សេចក្តីព្រៀងច្បាប់នេះ សម្រេចបានជិត ៥០ភាគរយហើយ។