ព្រឹត្តិការណ៍ចុងក្រោយ

សមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ នឹងធ្វើបទបង្ហាញការស្រាវជ្រាវនៅសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤ 
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 3 ធ្នូ 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ 2024 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ប្រទេសអូស្ត្រាលី

សមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ នឹងធ្វើបទបង្ហាញការស្រាវជ្រាវនៅសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤

កម្មវិធីពន្លកចំណេះចូលរួមអបអរសាទរទៅកាន់សមាជិក ៣រូបមកពី បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ​ ដែលត្រូវបានសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤ ជ្រើសរើសឱ្យចូលរួមចែករំលែកគំហើញនៃការស្រាវជ្រាវរបស់ពួកគាត់ទៅលើប្រធានបទផ្សេងៗទាក់ទងនឹងកម្ពុជា។​

សន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២៤ នៅ Crawford School of Public Policy នៃសាកលវិទ្យាល័យ Australian National University ប្រទេសអូស្ត្រាលី។ សន្និសីទ​នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីជុំវិញ​ទ្វីបអូស្ត្រាលី ប៉ាស៊ីហ្វិច អាស៊ី រួមជាមួយនឹងអ្នកដែលកំពុងធ្វើការលើជំនួយផ្នែកអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិ ដើម្បីចែករំលែកការយល់ដឹង លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជួយអភិវឌ្ឍវិស័យស្រាវជ្រាវ។

សមាជិក​ ៣រូបមកពីបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ ដែលនឹងធ្វើបទបង្ហាញនៅឯសន្និសីទ Australasian AID Conference ប្រចាំឆ្នាំ២០២៤រួមមាន៖

  • លោកស្រី សន សុផានី៖ “ការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំតាមរយៈជំនួយអភិវឌ្ឍន៍៖ ទិន្នន័យពីសមាជិកក្រុមប្រឹក្សាស្ត្រី និងមន្ត្រីរាជការស្ត្រីនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា”
  • កញ្ញា ប៊ុន ភូរី៖​ “ការផ្សាភ្ជាប់គម្លាតព័ត៌មាន៖ ដោះស្រាយការបែងចែកព័ត៌មានសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា”
  • កញ្ញា យូ សៅកែវខន្តី៖​ ​​“ការសិក្សាបែបចម្រុះលើការជ្រើសរើសជំនាញ និងប្រកបអាជីពរបស់ស្ត្រីក្នុងវិស័យស្តែម – វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក្នុងប្រទេសកម្ពុជា”។

ការធ្វើដំណើរទៅកាន់ AAC2024 ត្រូវបានគាំទ្ររួមគ្នាដោយអាហារូបករណ៍ Australia Awards (AAS)។​ យើងខ្ញុំមានសេចក្តីរីករាយ និងទន្ទឹមរង់ចាំមើលនូវសមិទ្ធិផលដែលពួកគាត់នឹងផ្តល់ជូន មកកាន់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ!

ដើម្បីស្វែងយល់បន្ថែមអំពីបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ​ សូមចុចនូវតំណរភ្ជាប់នេះ៖ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ | Policy Pulse

ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កម្មវិធីពន្លកចំណេះមានគោលបំណង បង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបាយ។

បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network)​​ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)។