ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចពិភាក្សាចែករំលែកលើកទី៩ | ការកំណត់អនាគតការស្រាវជ្រាវដែលគាំទ្រដល់ការរៀបចំគោលនយោបាយនៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 4 មិថុនា 2026
  • ម៉ោង៖ 9:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចពិភាក្សាចែករំលែកអំពី៖ «មូលនិធិស្រាវជ្រាវជាតិកម្ពុជា៖ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងគោលនយោបាយផ្អែកលើទិន្នន័យ» ដែលមានអ្នកចូលរួមប្រមាណជាង ៣០ នាក់ រួមមាន តំណាងវិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានសាធារណៈ អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល។

យើងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ ឯកឧត្តម បណ្ឌិត ហុល សៀងហេង អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តល់បទបង្ហាញយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពី «មូលនិធិស្រាវជ្រាវជាតិកម្ពុជា»។

កិច្ចពិភាក្សានេះ មានគោលបំណងបកស្រាយអំពីទម្រង់រចនាសម្ព័ន្ធ វិធីសាស្ត្រផ្តល់ថវិកា និងអាទិភាពរបស់មូលនិធិស្រាវជ្រាវជាតិ ថាតើនឹងមានការចូលរួម​ដល់ភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងកំណត់ការផ្លាស់ប្តូរលទ្ធភាពទទួលបានកញ្ចប់ថវិកាស្រាវជ្រាវ និងគំរូនៃកិច្ចសហការ។ លើសពីនេះ ក៏បានផ្តល់ភាពច្បាស់លាស់ដែលស្ថាប័នដៃគូអាចចូលរួមសហការជាមួយមូលនិធិស្រាវជ្រាវជាតិកម្ពុជា ព្រមទាំងបានពិនិត្យមើលលើហានិភ័យពាក់ព័ន្ធនឹងបរិយាបន្ន និងការស្រាវជ្រាវដែលឆ្លើយតបនឹងគោលនយោបាយ ។

កិច្ចពិក្សាចែករំលែកនៃកម្មវិធីពន្លកចំណេះ គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យស្ថាប័នដៃគូចូលរួមដោយស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីបញ្ហាគោលនយោបាយដែលកំពុងកើតមាន និងរៀនសូត្រពីអ្នកជំនាញចម្រុះ។ វេទិកានេះជំរុញឱ្យមានកិច្ចពិភាក្សា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការឆ្លុះបញ្ចាំង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យស្រាវជ្រាវឆ្ពោះទៅរកការតាក់តែងគោលនយោបាយនៅកម្ពុជា។

ចែករំលែក