Latest events

បាឋកថាគោលនយោបាយស្តីពី «ការបែងចែកដីសាធារណៈសម្រាប់កសិដ្ឋានខ្នាតតូច និងមធ្យម៖ ជម្រើសមុខរបរឆ្លើយតបទៅនឹងការបាត់បង់ការងារបណ្តាលមកពីកូវីដ-១៩»
  • Date: ថ្ងៃ ព្រហស្បតិ៍, 27 សីហា 2020
  • Time: 10:00 am > 11:30 am
  • Attending: 0
  • Location: អង្គការមូលនិធិអាស៊ី រាជធានីភ្នំពេញ

អង្គការមូលនិធិអាស៊ី និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) សហការរៀបចំបាឋកថាគោលនយោបាយស្តីពី «ការបែងចែកដីសាធារណៈសម្រាប់កសិដ្ឋានខ្នាតតូច និងមធ្យម៖ ជម្រើសមុខរបរឆ្លើយតបទៅនឹងការបាត់បង់ការងារបណ្តាលមកពីកូវីដ-១៩» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ តាមរយៈកម្មវិធី Zoom។

អំពីបាឋកថានេះ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) និងអង្គការមូលនិធិអាស៊ី សហការរៀបចំបាឋកថាគោលនយោបាយមួយស្តីពី “ការបែងចែកដីសាធារណៈសម្រាប់កសិដ្ឋានខ្នាតតូច និងមធ្យម៖ ជម្រើសមុខរបរឆ្លើយតបទៅនឹងការបាត់បង់ការងារបណ្តាលមកពីជំងឺកូវីដ-១៩”។ បាឋកថាគោលនយោបាយនេះ នឹងផ្តោតសំខាន់ទៅលើការបែងចែក និងការប្រើប្រាស់ដីសាធារណៈឱ្យបានកាន់តែប្រសើរសម្រាប់ជាប្រយោជន៍បន្ថែមទៅដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

CPS បានធ្វើការសិក្សាស្រាវជ្រាវស្តីពី “ការបែងចែកដីសម្រាប់កសិដ្ឋានខ្នាតតូច និងមធ្យម (LASAMF)” ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ នៅក្រោមបរិបទសម្បទានដីសេដ្ឋកិច្ចទ្រង់ទ្រាយធំ (ELCs) និងការបែងចែកដីធ្លីខ្នាតតូចសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (LASED) ។ ការសិក្សានេះបានពិនិត្យមើលទៅលើសម្បទានដីសេដ្ឋកិច្ចដែលបាននិរាកណ៍ចំនួន១៦ក្រុមហ៊ុន នៅក្នុងខេត្តចំនួន៥ និងវាយតម្លៃលើភាពអាចអនុវត្តបាននៃគោលនយោបាយដីធ្លីសាធារណៈដែលមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ដីទាំងនេះឱ្យកាន់តែមានភាពល្អប្រសើរ ។ វិបត្តិនៃជំងឺកូវីដ-១៩ធ្វើឱ្យការសិក្សារបស់CPSកាន់តែមានភាពពាក់ព័ន្ធសម្រាប់ការពិភាក្សា និងការពិចារណាលើគោលនយោបាយដោយសារតែកំណើននៃចំនួនពលករចំណាកស្រុកទាំងក្នុងប្រទេស និងពីប្រទេសជិតខាងបានធ្វើដំណើរត្រលប់ទៅស្រុកកំណើតរបស់ពួកគេ ដែលពលករមួយចំនួនក៏វិលទៅប្រកបរបរកសិកម្មវិញ។

ជម្រើសគោលនយោបាយដើម្បីលើកស្ទួយកសិដ្ឋានខ្នាតតូច និងមធ្យមត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តមួយក្នុងការដោះស្រាយបញ្ហាជីវភាពរបស់កសិករកម្ពុជាមួយចំនូនធំ និងអ្នកដែលបានបាត់បង់ការងារពីវិស័យដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩​ដោយរាប់បញ្ចូលទាំងកម្មករចំណាកស្រុកផងដែរ។ សំណួរទាក់ទងនឹងបញ្ហាប្រឈម ព្រមទាំងជម្រើសគោលនយោបាយដែលមានសក្តានុពលដែលនឹងត្រូវលើកមកពិភាក្សាក្នុងបាវកថាគោលនយោយាននេះនឹងអាចផ្តល់ជាអត្ថប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធនានា។ សំណួរគន្លឹះ រួមមាន “តើជំងឺកូវីដ-១៩មានផលប៉ះពាល់អ្វីខ្លះទៅលើកសិករដែលប្រកបរបរកសិកម្មខ្នាតតូច និងកម្មករនៅប្រទេសកម្ពុជា? តើរបរកសិកម្មខ្នាតតូច និងមធ្យមអាចជាជម្រើសយុទ្ធសាស្រ្តមួយក្នុងការដោះស្រាយបញ្ហាជីវភាពក្នុងអំឡុងពេលមានវិបត្តិបង្កឡើងដោយកូវីដ-១៩ដែរឬទេ? ប្រសិនបើយុទ្ធសាស្ត្រនេះជាជម្រើសល្អ តើគោលនយោបាយដីធ្លីសាធារណៈដែលមានប្រសិទ្ធភាព និងមានភាពច្នៃប្រឌិតគូរមានលក្ខណៈបែបណាសម្រាប់ប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩? សំណួរទាំងនេះនឹងត្រូវបកស្រាយដោយអ្នកស្រាវជ្រាវក្នុងគម្រោងសិក្សា “ការបែងចែកដីសម្រាប់កសិដ្ឋានខ្នាតតូច និងមធ្យម (LASAMF)” ព្រមទាំងទស្សនៈដទៃទៀតពីអ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធសំខាន់ៗដែលធ្វើការនៅក្នុងវិស័យនេះ។

វាគ្មិន និងអ្នកសម្របសម្រួល នៅក្នុងបាឋកថានេះ រួមមាន៖

  • លោក ច័ន្ទ សុផល នាយកមជ្ឍមណ្ឌលសិក្សាគោលនយោបាយ
  • កញ្ញា អាស៊ីសាស់ ម៉ាន អ្នកសម្របសម្រួលអភិបាលកិច្ចដីធ្លី អង្គការ Oxfam កម្ពុជា
  • លោក ប៉ូច សោភ័ណ ទីប្រឹក្សាគោលនយោបាយជាតិនៃគម្រោងអភិបាលកិច្ចដីធ្លីនៅតំបន់មេគង្គ នឹងជាអ្នកសម្របសម្រួលនៅក្នុងបាឋកថានេះ។

អំពីអ្នករៀបចំ

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ

បង្កើតឡើងនៅចុងឆ្នាំ ២០១៤ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យ និងស្វយ័តដែលផ្តោតលើការស្រាវជ្រាវ និងការវិភាគគោលនយោបាយ ដើម្បីគាំទ្រដល់ការបង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា។ CPSប្រមើលមើលថា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងលទ្ធិប្រជាធិបតេយ្យសេរី ប្រទេសកម្ពុជានឹងបន្តរក្សាសន្តិភាព និងស្ថេរភាពទទួលបានការផ្លាស់ប្តូរបន្តិចម្តងៗ មានការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន និងមាននីតិរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបានការអប់រំល្អ និងអាចសម្រេចបានភាពជឿនលឿនមួយនៅឆ្នាំ២០៥០។

អង្គការមូលនិធិអាស៊ី

គឺជាអង្គការអភិវឌ្ឍអន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញ ដែលចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជុំវិញទ្វីបអាស៊ី។ អង្គការមូលនិធិអាស៊ីមានបទពិសោធន៍ការងារជាងប្រាំមួយទសវត្សរ៍ ដែលការងាររបស់អង្គការមូលនិធិអាស៊ីភាគច្រើនផ្តោតទៅលើគោលដៅធំៗចំនួនប្រាំរួមមាន៖ ការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ស្រ្តី ការលើកកម្ពស់សេដ្ឋកិច្ច ការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់។

ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា

ក្រោមកិច្ចសហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី អង្គការមូលនិធិអាស៊ីកំពុងអនុវត្តគម្រោងពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមមួយមានរយៈពេល៣ឆ្នាំ (២០១៩-២០២២) ដើម្បីពង្រឹងសមត្ថភាពស្ថាប័នស្រាវជ្រាវដើម្បីអនុវត្តការស្រាវជ្រាវប្រកបដោយគុណភាពដែលអាចគាំទ្រដល់ការពិភាក្សា និងវិភាគគោលយោបាយសាធារណៈនៅកម្ពុជា។