Latest events

វេទិកាពិភាក្សាតាមអនឡាញស្តីអំពីភាពងាយរងគ្រោះក្នុងទីក្រុង៖ ការស្វែងយល់អំពីភាពងាយរងគ្រោះក្នុងទីក្រុងនៅកម្ពុជា
  • Date: ថ្ងៃ អង្គារ, 17 វិច្ឆិកា 2020
  • Time: 9:00 am > 10:30 am
  • Attending: 0
  • Location: រាជធានីភ្នំពេញ

មជ្ឈមណ្ឌលខេមរសិក្សា និងអង្គការមូលនិធិអាស៊ីនឹងរៀបចំកិច្ចពិភាក្សាតាមអនឡាញមួយស្តីពី​ “ភាពងាយរងគ្រោះនៅតាមទីក្រុងនៅកម្ពុជា” នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង៩ព្រឹក ដល់ម៉ោង១០.៣០នាទីព្រឹក។

អំពីវេទិកាពិភាក្សានេះ

មានសំណួរជាច្រើននឹងត្រូវលើកយកមកពិភាក្សាសម្រាប់ចង្អុលបង្ហាញនៃការពិភាក្សានេះ៖ តើភាពងាយរងគ្រោះក្នុងទីក្រុង ដែលរាជធានីភ្នំពេញ និងទីក្រុងនានាក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះ កើតឡើងក្នុងទម្រង់បែបណា? តើមានចំណុចអ្វីខ្លះដែលមិនទាន់មានក្នុងការស្រាវជ្រាវ និងការងារទាក់ទងនឹងភាពងាយរងគ្រោះនៅទីក្រុងនៅកម្ពុជា? តើវិធីសាស្ត្រ និងក្របខ័ណ្ឌទស្សនាទានណាខ្លះដែលយើងអាចប្រើប្រាស់ ឬបង្កើតដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងទីក្រុងនៅរាជធានីភ្នំពេញ? នៅពេលខាងមុខ តើមានហានិភ័យអ្វីខ្លះដែលនឹងអាចកើតមានឡើងក្នុងរាជធានីភ្នំពេញ និងទីក្រុងដទៃទៀតនៅកម្ពុជា ដែលអាចបង្កអោយមានភាពងាយរងគ្រោះ ហើយតើមានវិធីណាខ្លះដែលយើងអាចប្រើប្រាស់ដើម្បីទទួលបានលទ្ធផលដែលមានភាពយូរអង្វែង?
តាមរយៈការពិភាក្សាតាមប្រព័ន្ធអនឡាញនេះ វាគ្មិនទាំងអស់នឹងពិភាក្សាលើចំនុចសំខាន់ៗចំនួន ៤ អោយកាន់តែស៊ីជម្រៅ។ វាគ្មិននឹងផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ការវិភាគ និងកំណត់ទិសដៅសម្រាប់ការស្រាវជ្រាវនាពេលអនាគត។

  • ភាពងាយរងគ្រោះទាក់ទងនឹងទំនាក់ទំនងរវាងទីក្រុង និងជនបទ (ឧ. ចំណាកស្រុកពីជនបទមកទីទីក្រុង ការអភិវឌ្ឍទីក្រុងតាមតំបន់ជាយក្រុង អភិបាលកិច្ចនៃតំបន់ទីក្រុងថ្មី។ ល។ )
  • ភាពងាយរងគ្រោះក្នុងទីក្រុងទាក់ទងនឹងបម្រែបម្រួលបរិស្ថាន (ឧទាហរណ៍ការរីកដុះដាលទីក្រុង ការលែងមានកសិកម្មនៅតាមជាយក្រុង ការទាញយកប្រយោជន៍ពីទន្លេ និងបរិស្ថានក្នុងទឹក) ។
  • ភាពងាយរងគ្រោះនៅទីក្រុងទាក់ទងនឹងផលវិបាកនៃការអភិវឌ្ឍទីក្រុងទ្រង់ទ្រាយធំ ការធ្វើហិរញ្ញប្បទានផ្នែកអចលនទ្រព្យ លំនៅដ្ឋាន និងដំណើរការនៃការផ្លាស់ទីទៅកាន់តំបន់ក្រីក្រ។
  • ការធ្វើផែនការទីក្រុង និងការអនុវត្តលើការចែកតំបន់ដែលទាក់ទងទៅនឹងភាពងាយរងគ្រោះ និងភាពធន់របស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ។

ដោយផ្អែកលើចំនុចទាំងបួននេះ កិច្ចពិភាក្សាតាមអនឡាញនេះមានបំណងផ្តល់នូវវិធីសាស្រ្តពហុវិមាត្រ និងពហុវិស័យដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងទីក្រុងនៅកម្ពុជា។ ប្រសិនបើពេលវេលាអំណោយផល វាគ្មិនក៏នឹងចែករំលែកទស្សនៈរបស់ខ្លួនទាក់ទងនឹងជំងឺរាតត្បាត កូវីដ១៩ និងទំនាក់ទំនង / ឥទ្ធិពលដែលអាចកើតមានទាក់ទងទៅនឹងភាពងាយរងគ្រោះ និងភាពធន់ ដែលបានពិភាក្សា។

វាគ្មិន និងអ្នកសម្របសម្រួលសម្រាប់កិច្ចពិភាក្សានេះ៖

  • លោកបណ្ឌិត Adam Saltsman ជំនួយការសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ការសិក្សាទីក្រុង និងជានាយកវិទ្យាស្ថានកិច្ចការទីក្រុង នៃសាកលវិទ្យាល័យ Worcester State ក្នុងរដ្ឋ Massachusetts  ជាវាគ្មិន
  • លោក ង៉ោ ណត្ថារុន នាយកមជ្ឈមណ្ឌលខេមរសិក្សា ជាវាគ្មិន
  • លោកបណ្ឌិត ធួន ទ្រី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ​មជ្ឈមណ្ឌលខេមរសិក្សា ជាវាគ្មិន
  • លោកបណ្ឌិត Gabriel Fauveaud ជំនួយការសាស្រ្តាចារ្យនៃដេប៉ាតឺម៉ងភូមិសាស្ត្រ និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីនៅសាកលវិទ្យាល័យ Montreal ជាវាគ្មិន
  • លោកស្រី Dolorès Bertrais បេក្ខជនបណ្ឌិត និងជាជំនួយការស្រាវជ្រាវ និងបង្រៀននៅវិទ្យាស្ថានអភិវឌ្ឍដែនដី និងអភិបាលកិច្ចបរិស្ថាននៅសាកលវិទ្យាល័យ Geneva (ប្រទេសស្វីស) ជាវាគ្មិន
  • លោកបណ្ឌិត ប៉ក់ គឹមជឿន អ្នកស្រាវជ្រាវឯករាជ្យ ជាវាគ្មិន
  • កញ្ញា Annika Freudenberger អ្នកគ្រប់គ្រងកម្មវិធី នវានុវត្តន៍ និងការស្រាវជ្រាវទីក្រុង ​នៃមជ្ឈមណ្ឌលខេមរសិក្សា ជាអ្នកសម្របសម្រួល
  • កញ្ញា ស៊ួង  សាម៉ឺឌី ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលខេមរសិក្សា ជាអ្នកសម្របសម្រួល

ការរៀបចំ

កិច្ចពិភាក្សានេះនឹងត្រូវបានរៀបចំឡើងពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញក្នុងទម្រង់ជាកិច្ចពិភាក្សាដែលចូលរួមដោយអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមជាមួយអ្នកស្រាវជ្រាវនានា។ ការពិភាក្សានេះចាប់ផ្តើមជាមួយការណែនាំ និងការថ្លែងសន្ទរកថា កិច្ចបន្ទាប់គឺជាពិភាក្សា និងសំណួរ/ចម្លើយ។ កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស។

តម្រូវការផ្នែកបច្ចេកទេស

អ្នកចូលរួមតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីចូលរួមក្នុងកិច្ចពិភាក្សានេះដែលនឹងត្រូវរៀបចំឡើងដោយប្រើប្រាស់កម្មវិធីZoom។ តំណភ្ជាប់ទៅកាន់កិច្ចពិភាក្សានេះនឹងចែករំលែកជាមួយអ្នកចូលរួមនៅក្នុងលិខិតអញ្ជើញ/ អ៊ីមែល។ អ្នកចូលរួមតម្រូវឱ្យចុះឈ្មោះមុនសម្រាប់ព្រឹត្តិការណ៍នេះ។

របៀបវារៈនៃកម្មវិធី (៩០ នាទី)

០៨.៤៥-៩.០០ ព្រឹក៖ កម្មវិធីZoomត្រូវបានបើក

៩.០០-៩.០៥ ព្រឹក៖ ការចាប់ផ្តើមធ្វើឡើងដោយអ្នករៀបចំ

៩.០៥-៩.១៥ ព្រឹក៖ ការណែនាំសង្ខេបអំពីកិច្ចពិភាក្សា និងវាគ្មិនដោយអ្នកសម្របសម្រួល

៩.១៥-១០.០០ ព្រឹក៖ ការពិភាក្សា

១០.០០-១០.២៥ ព្រឹក៖ សំណួរ និងចម្លើយ

១០.២៥-១០.៣០ ព្រឹក៖ ការបិទ

អំពីអ្នករៀបចំ

មជ្ឍមណ្ឌលខេមរសិក្សា (CKS)

មជ្ឍមណ្ឌលខេមរសិក្សា (CKS) គឺជាស្ថាប័នមួយដែលជួយសម្របសម្រួលការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងផ្តល់ការយល់ដឹងទាក់ទងនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា។ CKS ក៏មានគោលបំណងពង្រឹងសមត្ថភាពស្រាវជ្រាវ និងការបង្រៀននៅក្នុងផ្នែកវិទ្យាសាស្ត្រសង្គម និងមនុស្សជាតិផងដែរដោយសារផ្នែកទាំងនេះគឺមានទំនាក់ទំនងនឹងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ដោយCKSធ្វើការជាមួយអ្នកវិទ្យាសាស្រ្តសង្គម សង្គមវិទូ អ្នកវិទ្យាសាស្ត្រទីក្រុង នរវិទូ សេដ្ឋកិច្ចវិទូ អ្នកភូមិសាស្ត្រ អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកពាក់ព័ន្ធដទៃទៀត។ CKSក៏បានសហការជាមួយសាកលវិទ្យាល័យសាធារណៈធំៗនៅប្រទេសកម្ពុជា អង្គការអភិវឌ្ឍន៍សំខាន់ៗ និងក្រសួង/ អាជ្ញាធរសាធារណៈ ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យឈានមុខគេ និងមជ្ឈមណ្ឌលស្រាវជ្រាវនៅសហរដ្ឋអាមេរិក នៅទ្វីបអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍។

អង្គការមូលនិធិអាស៊ី

គឺជាអង្គការអភិវឌ្ឍអន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញ ដែលចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជុំវិញទ្វីបអាស៊ី។ អង្គការមូលនិធិអាស៊ីមានបទពិសោធន៍ការងារជាងប្រាំមួយទសវត្សរ៍ ដែលការងាររបស់អង្គការមូលនិធិអាស៊ីភាគច្រើនផ្តោតទៅលើគោលដៅធំៗចំនួនប្រាំរួមមាន៖ ការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ស្រ្តី ការលើកកម្ពស់សេដ្ឋកិច្ច ការលើកកម្ពស់បរិស្ថាន និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់។

ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា

ក្រោមកិច្ចសហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី អង្គការមូលនិធិអាស៊ីកំពុងអនុវត្តគម្រោងពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមមួយមានរយៈពេល៣ឆ្នាំ (២០១៩-២០២២) ដើម្បីពង្រឹងសមត្ថភាពស្ថាប័នស្រាវជ្រាវដើម្បីអនុវត្តការស្រាវជ្រាវប្រកបដោយគុណភាពដែលអាចគាំទ្រដល់ការពិភាក្សា និងវិភាគគោលយោបាយសាធារណៈនៅកម្ពុជា។

Share