សៀវភៅសង្ខេបស្តីអំពី៖ វេទិកាគោលនយោបាយថ្នាក់ខេត្តរបស់កម្មវិធីពន្លកចំណេះឆ្នាំ២០២៦
នៅទូទាំងប្រទេសកម្ពុជា សហគមន៍មូលដ្ឋាន អ្នកស្រាវជ្រាវ និងអ្នកអនុវត្តការងារអភិវឌ្ឍន៍បាន និងកំពុងបង្កើតចំណេះដឹងកាន់តែច្រើនឡើង ដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃការរស់នៅ ការរំពឹងទុកនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ចាប់ពីគម្រោងអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍រហូតដល់ការស្រាវជ្រាវបែបលក្ខណៈការចូលរួមស្តីពីជីវភាពរស់នៅ បរិស្ថាន និងបរិយាបន្នសង្គម ដែលទស្សនៈទាំងនេះទទួលបានពីមូលដ្ឋានផ្ទាល់ គឺជាមូលដ្ឋានទិន្នន័យដ៏មានតម្លៃសម្រាប់ការតាក់តែងគោលនយោបាយ ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ទោះបីជាមានការខិតខំប្រឹងប្រែងស្រាវជ្រាវកាន់តែច្រើន និងគំនិតផ្តួចផ្តើមដែលគាំទ្រដោយម្ចាស់ជំនួយនៅក្នុងវិស័យស្រាវជ្រាវយ៉ាងណាក៏ដោយ ក៏ជារឿយៗ ដំណើរការពិភាក្សាគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត នៅតែប្រមូលផ្តុំនៅថ្នាក់ជាតិ។ ទស្សនៈនៅថ្នាក់ខេត្ត និងសហគមន៍ច្រើនតែមិនសូវបានដាក់បញ្ចូលទៅក្នុងការពិភាក្សាគោលនយោបាយ ជាពិសេសទស្សនៈពីក្រុមដែលងាយរងគ្រោះ ដូចជាស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព ។ ភាពចន្លោះប្រហោងបែបនេះធ្វើឱ្យគោលនយោបាយមិនអាចដោះស្រាយបញ្ហាបានគ្រប់ជ្រុងជ្រោយ ដោយផ្អែកតាមបរិបទសង្គម សេដ្ឋកិច្ច និងបរិស្ថានជាក់លាក់នៃបណ្តាខេត្តនានានៅកម្ពុជា។
កម្មវិធីពន្លកចំណេះ ដំណាក់កាលទី២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា (២០២៣-២០២៧) ដែលទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយអង្គការមូលនិធិអាស៊ីបាន និងកំពុងធ្វើការជាមួយតួអង្គផ្សេងៗទាំងកម្រិតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ នៅចន្លោះឆ្នាំ២០២៤ និង២០២៥ ដៃគូកម្មវិធីបានរៀបចំការពិគ្រោះយោបល់ ២៦១៤ លើក ជាមួយប្រជាពលរដ្ឋ មេគ្រួសារ ម្ចាស់អាជីវកម្ម និងសាលារៀន មកពី ១៦ខេត្តនៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់ព័ត៌មានសម្រាប់ការស្រាវជ្រាវរបស់ពួកគេស្តីពីការអភិវឌ្ឍជនបទ ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក ការកែលម្អអាជីរកម្ម កិច្ចគាំពារសង្គម និងការអប់រំ។
ក្នុងខែកញ្ញា ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះ និងដៃគូ បានរៀបចំវេទិកាគោលនយោបាយថ្នាក់ជាតិ ក្រោមមូលបទ “ការតាក់តែងគោលនយោបាយប្រកបដោយបរិយាបន្ន នៅក្នុងបរិបទប្រែប្រួល៖ ការផ្សារភ្ជាប់ចំណេះដឹង គោលនយោបាយ និងមនុស្សជាតិ”។ វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមជាង ២០០ នាក់ មកពីរាជរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍ ដើម្បីពិភាក្សាអំពីអនាគតនៃវិស័យស្រាវជ្រាវនៅកម្ពុជា និងស្វែងយល់ពីបញ្ហាអាទិភាពនានាដូចជា ការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុ កិច្ចគាំពារសង្គម និងការអភិវឌ្ឍជនបទនៅថ្នាក់ជាតិ។ សារដ៏សំខាន់មួយពីវេទិកានាពេលនោះ គឺភាពចាំបាច់នៃការធានាឱ្យបានថា ការប្តេជ្ញាចិត្តថ្នាក់ជាតិចំពោះការប្រើប្រាស់ទិន្នន័យ និងការលើកកម្ពស់ការពិភាក្សាប្រកបដោយបរិយាបន្ន ត្រូវបានរំលេចក្នុងការអនុវត្តជាក់ស្តែងនៅថ្នាក់ក្រោមជាតិ។
វេទិកាគោលនយោបាយថ្នាក់ខេត្តរបស់កម្មវិធីពន្លកចំណេះ មានគោលបំណងគាំទ្រដល់ការផ្លាស់ប្តូរបែបនេះ។ វេទិកាគោលនយោបាយថ្នាក់ខេត្ត នាំយកទិន្នន័យនៅមូលដ្ឋាន និងបទពិសោធន៍របស់សហគមន៍ទៅកាន់ការពិភាក្សាគោលនយោបាយ និងបង្កើតជាវេទិកាមួយ ដែលអង្គការសង្គមស៊ីវិល សាកលវិទ្យាល័យក្នុងស្រុក អ្នកស្រាវជ្រាវតាមសហគមន៍ និងអ្នកអនុវត្តការងារផ្ទាល់ អាចចែករំលែកនូវអ្វីដែលពួកគេកំពុងសង្កេតឃើញផ្ទាល់នៅមូលដ្ឋាន។ វេទិកានេះក៏អនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយថ្នាក់ខេត្ត និងថ្នាក់ជាតិ ពិភាក្សាគ្នាអំពីការរកឃើញទាំងនោះផងដែរ។ វេទិកានេះមានគោលដៅសាមញ្ញ គឺធានាថា ចំណេះដឹងកម្រិតមូលដ្ឋានត្រូវបានបន្លឺសម្លេង និងអាចជួយតម្រឹមតម្រង់ការសម្រេចចិត្តឱ្យកាន់តែល្អប្រសើរ និងប្រកបដោយបរិយាបន្នសម្រាប់បណ្តាខេត្តនានានៅកម្ពុជា។
សូមចុចតំណភ្ជាប់នេះ ដើម្បីអានសៀវភៅសង្ខេបស្តីអំពី៖ វេទិកាគោលនយោបាយថ្នាក់ខេត្តរបស់កម្មវិធីពន្លកចំណេះឆ្នាំ២០២៦។
