Latest events

វេទិកាគោលនយោបាយថ្នាក់ខេត្តរបស់កម្មវិធីពន្លកចំណេះស្តីពី «សារៈសំខាន់នៃការស្រាវជ្រាវនៅថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩»
  • Date: ថ្ងៃ ព្រហស្បតិ៍, 18 សីហា 2022
  • Time: 8:00 am > 5:00 pm
  • Attending: 0
  • Location: ខេត្តបាត់ដំបង និងតាមរយៈប្រព័ន្ធZoom

អំពីកម្មវិធីពន្លកចំណេះ៖​ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា

ដោយទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី កម្មវិធីពន្លកចំណេះ៖ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជារបស់អង្គការមូលនិធិអាស៊ី​ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នស្រាវជ្រាវ ដើម្បីធ្វើការស្រាវជ្រាវប្រកបដោយគុណភាព ដែលគាំទ្រដល់ការវិភាគ និងការពិភាក្សាគោលនយោបាយសាធារណៈនៅកម្ពុជា។

កម្មវិធីពន្លកចំណេះបានគាំទ្រអង្គការដៃគូស្នូល និងអង្គការដៃគូស្រាវជ្រាវ ដើម្បីធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់នៃវិបតិ្តកូវីដ-១៩ទៅលើ ក្រុមងាយរងគ្រោះនៅកម្ពុជា ដូចជា កុមារ និងជនជាតិដើមភាគតិច ជាដើម។ ការសិក្សានេះបានផ្តល់ជាទិន្នន័យ និងរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃកូវីដ-១៩ទៅលើប្រជាពលរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទិន្នន័យ​ និងភស្តុតាងដែលប្រមូលបានទាន់ពេលវេលា មានសារៈសំខាន់សម្រាប់អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ក្នុងការធ្វើសេចក្តីសម្រេចចិត្តឱ្យបានប្រសើរជាងមុនក្នុងអំឡុងពេលមានវិបត្តិ និងអាចឱ្យពួកគេសម្រេចលទ្ធផលគួរជាទីគាប់ចិត្តក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ខណៈពេលដែលទិន្នន័យនៅថ្នាក់ជាតិមានសារៈសំខាន់សម្រាប់ការតាក់តែងគោលនយោបាយនៅថ្នាក់ជាតិ ការស្រាវជ្រាវនៅថ្នាក់ក្រោមជាតិ ក៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅថ្នាក់មូលដ្ឋាន ព្រមទាំងផ្តល់ការគាំទ្រដល់អន្តរាគមន៍របស់អាជ្ញាធរ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ដោយមានកិច្ចសហការជាមួយអង្គការដៃគូស្រាវជ្រាវ រួមមាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (ស.ខ.អ.ជ) សមាគមកុមាររីករាយ និងអង្គការភូមិខ្ញុំ កម្មវិធីពន្លកចំណេះ រៀបចំវេទិកាគោលនយោបាយថ្នាក់ខេត្ត ដែលមានការចូលរួមពីតំណាងមកពីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាអ្នកស្រាវជ្រាវ ដើម្បីបង្ហាញពីលទ្ធផលការស្រាវជ្រាវ ពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងកសាងបណ្តាញជាមួយភាគីពាក់ព័ន្ធនានា មកពី ខេត្តបាត់ដំបង ក្រចេះ និងស្ទឹងត្រែង ដើម្បីគាំទ្រដល់ការ​រៀបចំ​ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគោលនយោបាយ​នៅ​ថ្នាក់ក្រោមជាតិ ។

គោលបំណងនៃវេទិកាគោលនយោបាយថ្នាក់ខេត្ត

គោលបំណងនៃវេទិកាគោលនយោបាយថ្នាក់ខេត្ត រួមមាន៖

  • ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងទិន្នន័យដែលឆ្លើយតបនឹងតម្រូវការគោលនយោបាយឆ្លើយតបនឹងវិបត្តិកូវីដ-១៩នៅថ្នាក់ក្រោមជាតិនៅក្នុងប្រទេសកម្ពុជា
  • ការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងការពិភាក្សាគោលនយោបាយដោយអ្នកតាក់តែងគោលនយោបាយ និងដៃគូពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ការបង្កើតបរិយាកាសអំណោយផលសម្រាប់តួអង្គក្នុងវិស័យស្រាវជ្រាវជួបពិភាក្សា និងពង្រីកបណ្តាញទំនាក់ទំនងដើម្បីកសាងសហគមន៍ក្នុងវិស័យស្រាវជ្រាវដ៏រឹងមាំនៅថ្នាក់ខេត្ត។

ទម្រង់នៃកម្មវិធី

វេទិកាគោលនយោបាយថ្នាក់ខេត្តនឹងរៀបចំឡើងជា២ទម្រង់៖

១​.​ សុន្ទរកថាគន្លឹះដោយអ្នកតាក់តែងគោលនយោបាយ៖ ត្រូវបានធ្វើឡើងអំឡុងពេលបើកកម្មវិធី។

២.កិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស៖ ដើម្បីលើកកម្ពស់កិច្ចពិភាក្សារវាងអ្នកចូលរួមដែលមានដូចជាអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ អ្នកអនុវត្តគោលនយោបាយដែលមកពីស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីទទួលគំនិត និងបទពិសោធន៍ របស់វាគ្មិន និងអ្នកចូលរួម។

វេទិកាគោលនយោបាយថ្នាក់ខេត្តនឹងគ្រោងរៀបចំក្នុងទម្រង់អនឡាញផង និងដោយផ្ទាល់ផង។ ប្រសិនបើការវិវត្តរបស់ជំងឺកូវីដ-១៩មិនអំណោយផលដល់ការចូលរួមដោយផ្ទាល់ វេទិកាថ្នាក់ខេត្តនេះនឹងរៀបចំក្នុងទម្រង់អនឡាញតែប៉ុណ្ណោះ។ វេទិកានេះនឹងរៀបចំដោយផ្អែកតាមការណែនាំ​ និងបទបញ្ជាររបស់រដ្ឋាភិបាលស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

អ្នកចូលរូម

អ្នកចូលរួមក្នុងវេទិកាគោលនយោបាយនេះ រួមមាន ដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត​ រួមមានអ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ បញ្ញាវន្ត អ្នកជំនាញ អ្នកស្រាវជ្រាវ និស្សិត និងសង្គមស៊ីវិល។

សូមចូលរួមជាមួយពួកយើងតាមរយៈបណ្តាញសង្គមដោយប្រើប្រាស់ ហាសថាក​ (hashtag) ខាងក្រោម:

#PonlokChomnes, #KnowledgeSector, #ProvincialPolicyForum2022.

Share